បទចម្រៀង 5
5
1អូនស្រីសម្លាញ់ចិត្តបងអើយ
បងចូលក្នុងសួនឧទ្យានរបស់បងហើយ
បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង
បងនឹងបរិភោគទឹកឃ្មុំរបស់បង
បងនឹងផឹកស្រាទំពាំងបាយជូរ
និងទឹកដោះគោរបស់បង។
មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា
សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ
ឲ្យបានស្កប់ស្កល់ចុះ។
2ខ្ញុំបានគេងលក់ទៅហើយ
តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។
ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា:
ប្អូនស្រីសម្លាញ់ចិត្តបងអើយ
ចូរបើកទ្វារឲ្យបងផង
អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។
ក្បាលរបស់បងទទឹកជោក
ដោយសន្សើមដែលធ្លាក់នៅពេលយប់។
3អូនដោះសម្លៀកបំពាក់ចេញទៅហើយ
តើឲ្យអូនស្លៀកវិញដូចម្ដេចបាន?
អូនទើបនឹងលាងជើង
តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?
4ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ
ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។
5ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារ
ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ
ស្រក់ទៅលើរនុកទ្វារ។
6ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ
តែគាត់ចាកចេញទៅបាត់។
ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។
ខ្ញុំតាមរកគាត់ តែរកពុំឃើញ
ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំ
ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស
ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួន
ចេញពីខ្ញុំ។
8ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាងថា
ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ
តើពួកនាងប្រាប់គាត់ថាដូចម្ដេច?
ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
9ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
តើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែក
ជាងបុរសឯទៀត
បានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
10ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ-ស
និងស្បែកភ្លឺរលោង
ទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្ស
មួយម៉ឺននាក់ក្ដី ក៏ឃើញប្លែកពីគេដែរ។
11ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ
សក់របស់គាត់រួញដូចអង្គាសដី
ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
12ភ្នែករបស់គាត់ស្រស់ស្អាត
ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។
ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស
ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
13ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល
ដែលមានពេញដោយផ្កា សាយគន្ធពិដោរ
បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់
ដែលបញ្ចេញក្លិនយ៉ាងក្រអូប។
14ដៃរបស់គាត់ប្រៀបបាននឹងកងមាស
ដែលមានដាំត្បូងពេជ្រ។
ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក
ដែលគេខាត់យ៉ាងរលើប
ព្រមទាំងមានដាំត្បូងកណ្ដៀងផង។
15ជើងរបស់គាត់ប្រៀបបាននឹងសសរ
ធ្វើពីថ្មកែវពណ៌ស
ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។
គាត់មានរាងសង្ហាដូចភ្នំលីបង់
ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។
16មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់
គាត់ជាមនុស្សគួរឲ្យនែបនិត្យ។
ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ
ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ
មានលក្ខណៈយ៉ាងនេះហើយ។
Currently Selected:
បទចម្រៀង 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.