បទចម្រៀង 1
1
1 នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត
តែងឡើងដោយព្រះបាទសាឡូម៉ូន។
2សូមបងថើបអូនឲ្យអស់ចិត្តមក
ដ្បិតសេចក្ដីស្រឡាញ់របស់បង
វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។
3ក្លិនរបស់បងក្រអូបណាស់
ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។
ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ
នាំគ្នាស្រឡាញ់បង។
4សូមបងដឹកដៃអូន
យើងប្រញាប់ទៅជាមួយគ្នា។
បងជាស្ដេចរបស់អូន
សូមនាំអូនចូលក្នុងបន្ទប់របស់បងផង
យើងនឹងរួមសប្បាយជាមួយគ្នា។
យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង
ដែលវិសេសជាងស្រាទំពាំងបាយជូរ។
ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ
ពិតជាត្រឹមត្រូវមែន។
5ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំមានសម្បុរខ្មៅមែន
តែខ្ញុំមានរូបឆោមល្អណាស់
គឺល្អដូចពន្លានៅស្រុកកេដារ
និងដូចកម្រាលព្រំរបស់ព្រះបាទសាឡូម៉ូន។
6កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ
ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។
បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ
ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ
តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ
របស់ខ្ញុំផ្ទាល់ទេ។
7ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា
តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា
នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម
សម្រាកនៅកន្លែងណា?
សូមកុំទុកឲ្យអូនដើររកបង
នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
8ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
ប្រសិនបើនាងមិនដឹងទេ
ចូរដើរតាមដានរបស់ហ្វូងចៀម
ហើយឃ្វាលពពែរបស់នាង
នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
9អូនសម្លាញ់អើយ អូនមានរូបឆោមល្អ
ដូចសេះដែលទឹមរាជរថរបស់
ព្រះចៅផារ៉ោន។
10គ្រឿងអលង្ការរបស់អូន
ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត
ហើយខ្សែករបស់អូន
ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
11យើងនឹងធ្វើក្រវិលមាស
ដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
12ពេលព្រះរាជាកំពុងសោយព្រះស្ងោយ
ទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។
13ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹង
ផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
14ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលម្អងផ្កា
ដែលដុះនៅតាមប្រភពទឹកអេនគេឌី
15ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!
អូនល្អដាច់គេ!
កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
16ម្ចាស់ចិត្តអូនអើយ
បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ!
ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
17មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង
ហើយដើមកកោះទាំងនេះ
ជាជញ្ជាំងផ្ទះរបស់យើង។
Currently Selected:
បទចម្រៀង 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.