រ៉ូម 8:28-34
រ៉ូម 8:28-34 គខប
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឲ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឲ្យសុចរិត ព្រះអង្គក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរ។ បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឲ្យសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្តយេស៊ូបានសោយទិវង្គត ហើយជាពិសេស ព្រះអង្គមានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរឲ្យយើងដូច្នេះ?