រ៉ូម 10
10
1បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ 2ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់ ។ 3ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ 4ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
5លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។ 6ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក 7«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក 8តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ» ។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ 9ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន 10ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ 11 ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។ 12ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ 13ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ» ។
14ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? 15 ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា:
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!» ។
16 ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា: «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?» ។
17ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ត ។ 18 ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ
រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19 ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេបានថ្លែងមុនគេថា:
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន
នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង
នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ» ។
20 រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថា:
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
21 ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថា:
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។
Currently Selected:
រ៉ូម 10: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.