វិវរណៈ 14
14
កូនចៀម និងអស់អ្នកដែលព្រះអង្គបានលោះ
1 ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និងព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ 2ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។ 3អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ 4អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីៗ ឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម 5 ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។
ប្រកាសអំពីការវិនិច្ឆ័យទោស
6ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវតានោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។ 7ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
8 មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុត របស់វា!»។
9មានទេវតាមួយរូបទៀត ជាទេវតាទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃ 10 អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។ 11 ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្តឡើយ»។
12ដូច្នេះ ប្រជាជនដ៏វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងកាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្តព្យាយាម។
13ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
ការច្រូតកាត់ និងការបេះផ្លែទំពាំងបាយជូរ
14 ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។ 15 មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូត ហើយ»។ 16ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។
17មានទេវតាមួយរូបទៀតចេញពីព្រះវិហារនៅស្ថានបរមសុខ*មក លោកក៏មានកាំបិត មួយដ៏មុតដែរ។ 18ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ 19ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ 20 បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកម្ពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ ។
Currently Selected:
វិវរណៈ 14: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.