YouVersion Logo
Search Icon

ទំនុកតម្កើង 99

99
ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ
1 ព្រះ‌អម្ចាស់​គ្រង​រាជ្យ
ប្រជា‌ជន​ទាំង‌ឡាយ​ត្រូវ​ញ័រ‌រន្ធត់។
ព្រះអង្គ​គង់​នៅ​ពី​លើ​ពួក​ចេរូប៊ីន*
ហើយ​ផែនដី​កក្រើក​ញាប់‌ញ័រ។
2 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។
3មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌នាម
ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ជា​ទី​ស្ញែង​ខ្លាច​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!។
4ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ
ដែល​ស្រឡាញ់​យុត្តិធម៌!
ព្រះអង្គ​បាន​តែង​ច្បាប់
ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត
និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល!
5ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
ចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!
6លោក​ម៉ូសេ និង​លោក​អើរ៉ុន
ជា​បូជា‌ចារ្យ​របស់​ព្រះអង្គ
លោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម
អ្នក​ដែល​អង្វរ​រក​ព្រះអង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់
ព្រះអង្គ​ឆ្លើយ​តប​មក​លោក​វិញ ។
7 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក*
មក​ពួក​លោក
ពួក​លោក​បាន​កាន់​តាម​ដំបូន្មាន
និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។
8ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក
ទោះ​បី​ព្រះអង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្ដី
ក៏​ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជានិច្ច។
9ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដ៏វិសុទ្ធ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ទំនុកតម្កើង 99