ទំនុកតម្កើង 83
83
ឱព្រះជាម្ចាស់អើយ សូមកុំនៅសម្ងំស្ងៀមឡើយ!
ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង របស់លោកអេសាភ។
1ឱព្រះជាម្ចាស់អើយ
សូមកុំនៅសម្ងំស្ងៀមឡើយ!
ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់
ឥតកម្រើកដូច្នេះ!
2ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គ
កំពុងតែធ្វើសកម្មភាព
អស់អ្នកដែលស្អប់ព្រះអង្គ
កំពុងតែនាំគ្នាបះបោរ។
3ពួកគេរៀបចំគម្រោងការប្រឆាំង
នឹងប្រជារាស្ដ្ររបស់ព្រះអង្គ
ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
4ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ
ជាតិសាសន៍នោះឲ្យរលាយសូន្យ
ដើម្បីកុំឲ្យនរណានឹកឃើញ
ឈ្មោះអ៊ីស្រាអែលទៀត!”។
5ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ
គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ
6គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល
ជនជាតិម៉ូអាប់ ជនជាតិហាការេន
7ជនជាតិកេបាល ជនជាតិអាំម៉ូន
ជនជាតិអាម៉ាឡេក
ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
8ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ
គឺពួកគេបានចូលដៃជាមួយ
ពូជពង្សរបស់លោកឡុត។
- សម្រាក
9 សូមប្រព្រឹត្តចំពោះពួកគេ
ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន
លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន
នៅត្រង់ទឹកជ្រោះគីសូនដែរ!
10ព្រះអង្គបានប្រហារពួកគេ
ឲ្យវិនាសនៅអេន-ដោរ
ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
11 សូមដាក់ទោសអ្នកដឹកនាំរបស់គេ
ដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹប
និងស្ដេចសៀប ហើយដាក់ទោសមេរបស់គេ
ដូចព្រះអង្គបានដាក់ទោសសេបា
និងសាល់មូណាដែរ
12ដ្បិតពួកគេបាននិយាយថា
“យើងនាំគ្នាវាយដណ្ដើមយក
ទឹកដីរបស់ព្រះជាម្ចាស់!”។
13ឱព្រះនៃទូលបង្គំអើយ
សូមឲ្យពួកគេបានដូចធូលីដីដែលត្រូវខ្យល់កួច
ឬដូចចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
14ភ្លើងឆាបឆេះព្រៃ
ឬអណ្ដាតភ្លើងឆាបឆេះភ្នំយ៉ាងណា
15សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេ
និងប្រើព្យុះសង្ឃរារបស់ព្រះអង្គ
ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។
16ឱព្រះអម្ចាស់អើយ
សូមធ្វើឲ្យពួកគេអាម៉ាស់មុខ
ដើម្បីឲ្យគេស្វែងរកព្រះនាមរបស់ព្រះអង្គ។
17សូមឲ្យពួកគេបាក់មុខ បាក់ស្បាតរហូតតទៅ
សូមឲ្យពួកគេងើបមុខមិនរួច
ហើយវិនាសសូន្យទៅ!
18សូមឲ្យគេទទួលស្គាល់ថា
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះអម្ចាស់
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
នៅលើផែនដីទាំងមូល!។
Currently Selected:
ទំនុកតម្កើង 83: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.