YouVersion Logo
Search Icon

ទំនុកតម្កើង 79

79
ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!
ទំនុក​របស់​លោក​អេសាភ។
1 ឱ​ព្រះ‌ជាម្ចាស់​អើយ
ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន
ទឹក​ដី​របស់​ព្រះអង្គ
ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារ
ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​សៅ‌ហ្មង
ពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។
2ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះអង្គ
ទៅ​ឲ្យ​ត្មាត​ស៊ី
យក​សាក‌សព​អ្នក​ជឿ​ព្រះអង្គ
ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។
3ពួក​គេ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន
នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ហូរ​ដូច​ទឹក
ហើយ​គ្មាន​នរណា​បញ្ចុះ​សព
ប្រជា‌ជន​ទាំង​នោះ​ទេ ។
4អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ
អ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយ
យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។
5 ព្រះ‌អម្ចាស់​អើយ
តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ
នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា?
តើ​ព្រះអង្គ​នៅ​តែ​មាន​ព្រះ‌ហឫទ័យ
ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?
6គួរ​តែ​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ
ទៅ​លើ​ប្រជា‌ជាតិ​ដែល​ពុំ​ស្គាល់​ព្រះអង្គ
និង​នគរ​នានា​ដែល​មិន​គោរព​បម្រើ​ព្រះ‌នាម
ព្រះអង្គ​នោះ​វិញ។
7ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប
ព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​លោក​ផង។
8សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វបុរស
របស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយ
ផ្ទុយ​ទៅ​វិញ សូម​ប្រញាប់​សម្តែង​ព្រះ‌ហឫទ័យ
អាណិត‌អាសូរ​យើង​ខ្ញុំ​ផង!
ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។
9ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ
សូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់
សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះអង្គ
សូម​រំដោះ​យើង​ខ្ញុំ
និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។
10ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​នានា
ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?»
ព្រះអង្គ​អើយ សូម​ឲ្យ​ប្រជា‌ជាតិ
ទាំង‌ឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា
ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ
ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ព្រះអង្គ។
11សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស
ហើយ​ដោយ​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព
សូម​រំដោះ​អ្នក​ដែល​មាន​ទោស
ដល់​ជីវិត​ទាំង​នោះ​ផង។
12ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ជិត​ខាង
បាន​ធ្វើ​ឲ្យ​ព្រះអង្គ​បាត់​បង់​កិត្តិយស
ដូច្នេះ សូម​ធ្វើ​ឲ្យ​គេ​បាត់​បង់​កិត្តិយស​វិញ
មួយ​ជា​ប្រាំ‌ពីរ។
13រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ
និង​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ
នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច
យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in