YouVersion Logo
Search Icon

ទំនុកតម្កើង 75

75
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​លោក​អេសាភ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ!
យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ
ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ
ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​ស្ញប់‌ស្ញែង​របស់​ព្រះអង្គ!
2ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា
«ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក
យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!
3ផែនដី និង​អ្វីៗ​ទាំង​អស់
ដែល​រស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​រលាយ
ក៏​ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​នៅ​តែ​រឹង‌មាំ!»។
- សម្រាក
4ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា
កុំ​អួត​បំប៉ោង​ឲ្យ​សោះ!
ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!
5កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ
6ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែន
មក​ពី​ខាង​កើត ឬ​ខាង​លិច
ហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ
7គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ
ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស
ព្រះអង្គ​ដាក់​ទោស​អ្នក​នេះ
ហើយ​លើក‌លែង​ទោស​អ្នក​នោះ។
8 ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ
គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ‌ពិរោធ
ពេល​ព្រះអង្គ​ចាក់​ពែង​នោះ​ទៅ​លើ​ផែនដី
មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស
ចៀស​មិន​ផុត​ឡើយ។
9រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ
របស់​លោក​យ៉ាកុប​រហូត​ត​ទៅ
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។
10ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល
តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in