ទំនុកតម្កើង 73
73
ភាគទីបី
(ទំនុកតម្កើង ៧៣-៨៩)
សេចក្ដីសុចរិតតែងតែមានជ័យជម្នះ
ទំនុកតម្កើង របស់លោកអេសាភ។
1ពិតមែនហើយ ព្រះជាម្ចាស់មាន
ព្រះហឫទ័យសប្បុរស
ចំពោះជនជាតិអ៊ីស្រាអែល
និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។
2ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង
គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន
3ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន
ដោយឃើញជនពាលទាំងនោះ
បានចម្រុងចម្រើន ។
4ក្នុងមួយជីវិតរបស់ពួកគេ
ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ
គេមានសាច់មានឈាម។
5គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ
ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។
6ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ
ហើយពាក់ចិត្តឃោរឃៅ
ដូចជាសម្លៀកបំពាក់។
7គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ
គំនិតអប្រិយរបស់ពួកគេ
ក៏លេចចេញមកយ៉ាងច្បាស់ដែរ។
8គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់
ព្រមទាំងនិយាយក្ដែងៗ
ពីការសង្កត់សង្កិនអ្នកដទៃ។
9មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់
ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់
នៅលើផែនដីឡើយ។
10ហេតុនេះ សូម្បីតែប្រជារាស្ដ្រ
របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ
ព្រមទាំងចូលចិត្តស្ដាប់ពាក្យសម្ដី
របស់ពួកគេ ដូចផឹកទឹក។
11គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់
ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
12នេះហើយមនុស្សពាល!
ពួកគេបានសុខជានិច្ច
ពួកគេបានចម្រុងចម្រើនរហូត!
13រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ
ហើយចៀសវាងប្រព្រឹត្តអំពើបាប
តែឥតបានផលអ្វីសោះ!
14ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ
ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។
15ប្រសិនបើទូលបង្គំសម្រេចចិត្តធ្វើដូចពួកគេដែរនោះ
ទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំ
ដែលជាបុត្ររបស់ព្រះអង្គមិនខាន។
16ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ
ប៉ុន្តែ ពិបាកយល់ណាស់
17រហូតទាល់តែទូលបង្គំចូលមកដល់
ទីសក្ការៈរបស់ព្រះជាម្ចាស់
ទើបទូលបង្គំយល់ថាចុងបញ្ចប់របស់មនុស្ស
អាក្រក់នឹងក្លាយទៅជាយ៉ាងណា។
18តាមពិត ព្រះអង្គបានដាក់ពួកគេ
នៅជម្រាលមួយដ៏រអិល
ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ
19ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ
ពួកគេនឹងវិនាសបាត់បង់
ពួកគេនឹងត្រូវអន្តរាយ
រលាយសូន្យទៅយ៉ាងរន្ធត់បំផុត។
20ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង
ព្រះអង្គនឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ
ដូចការយល់សប្ដិ។
21ពេលទូលបង្គំឆ្អែតចិត្ត
ហើយពេលទូលបង្គំឈឺចាប់ក្នុងឱរា
22នោះទូលបង្គំបែរទៅជាល្ងីល្ងើ
មិនយល់អ្វីទាំងអស់
ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន
នៅចំពោះព្រះភ័ក្ត្រព្រះអង្គដែរ។
23ប៉ុន្តែ ទូលបង្គំនៅជាមួយព្រះអង្គជានិច្ច
ព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំ
24ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរ
តាមព្រះហឫទ័យរបស់ព្រះអង្គ
ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ
នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
25នៅស្ថានបរមសុខ ទូលបង្គំគ្មានទីពឹងណា
ផ្សេងទៀត ក្រៅពីព្រះអង្គឡើយ
នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ
ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។
26រូបកាយ និងចិត្តគំនិត
របស់ទូលបង្គំទន់ខ្សោយទៅៗ
ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក
និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។
27អស់អ្នកដែលងាកចេញឆ្ងាយ
ពីព្រះអង្គនឹងត្រូវអន្តរាយ
ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក
ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។
28រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល
តែនៅពេលណាទូលបង្គំ
នៅជាមួយព្រះអង្គប៉ុណ្ណោះ
ឱព្រះជាអម្ចាស់អើយ
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ
ទាំងប៉ុន្មានរបស់ព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 73: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.