ទំនុកតម្កើង 51
51
ពាក្យអធិស្ឋានសូមព្រះអម្ចាស់លើកលែងទោស
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌ។ នៅពេលព្យាការីណាថានមកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។
1ឱព្រះជាម្ចាស់អើយ!
សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ
មេត្តាករុណាដ៏លើសលុប
សូមលើកលែងទោសឲ្យទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ
អាណិតមេត្តាដ៏ទូលំទូលាយ។
2សូមលុបលាងកំហុសទូលបង្គំ
ឲ្យបានស្អាតទាំងស្រុង
សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប!
3ទូលបង្គំទទួលសារភាពថា
ទូលបង្គំបានធ្វើខុសហើយ
អំពើបាបរបស់ទូលបង្គំដិតជាប់
នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។
4 ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ
ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ
ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី
ក៏ព្រះអង្គនៅតែសុចរិត
ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី
ក៏ព្រះអង្គនៅតែឥតកំហុសដដែល។
5ទូលបង្គំមានកំហុសតាំងពីកំណើតមក
ហើយទូលបង្គំមានបាបតាំងពី
នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
6ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ
នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។
សូមប្រោសប្រទានឲ្យទូលបង្គំ
មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
7សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប*
នោះទូលបង្គំនឹងបានបរិសុទ្ធ
សូមលាងសម្អាតទូលបង្គំ
នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត ។
8សូមប្រាប់ឲ្យទូលបង្គំដឹងថា
ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំមានអំណរសប្បាយ
ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ
នឹងបានរីករាយឡើងវិញ។
9ព្រះអង្គអើយ សូមកុំទតមើល
អំពើបាបរបស់ទូលបង្គំឡើយ
តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន
របស់ទូលបង្គំទៅ។
10ឱព្រះជាម្ចាស់អើយ!
សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ
សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
11សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ
របស់ព្រះអង្គចេញពីទូលបង្គំឡើយ។
12សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ
ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ
ដោយប្រទានឲ្យទូលបង្គំ
មានចិត្តទូលាយមកពីព្រះវិញ្ញាណ។
13ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល
ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
14ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ
សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់
នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត
របស់ព្រះអង្គដោយអំណរ។
15ព្រះអម្ចាស់អើយ
សូមជួយទូលបង្គំឲ្យបន្លឺសំឡេង
ពោលពាក្យសរសើរតម្កើងព្រះអង្គផង។
16ព្រះអង្គមិនសព្វព្រះហឫទ័យ
ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល
ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
17យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ
ឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ
ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ
និងចិត្តលែងមានអំនួត។
18ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន
ហើយសូមមេត្តាប្រទានឲ្យ
ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
19ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ
នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ
គឺតង្វាយដុតទាំងមូល
ហើយគេនឹងយកគោឈ្មោល
មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។
Currently Selected:
ទំនុកតម្កើង 51: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.