YouVersion Logo
Search Icon

ទំនុកតម្កើង 51

51
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​លើក‌លែង​ទោស
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា។
1ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង
ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ដ៏​លើស‌លុប
សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង
ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ
អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។
2សូម​លុប​លាង​កំហុស​ទូលបង្គំ
ឲ្យ​បាន​ស្អាត​ទាំង​ស្រុង
សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!
3ទូលបង្គំ​ទទួល​សារ‌ភាព​ថា
ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ
អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់
នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។
4 ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ
ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់
ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ
ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។
ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី
ក៏​ព្រះអង្គ​នៅ​តែ​សុចរិត
ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី
ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។
5ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក
ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី
នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!
6ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ
នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។
សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង!
7សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប*
នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ
សូម​លាង​សម្អាត​ទូលបង្គំ
នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។
8សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា
ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ
នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ
ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ
នឹង​បាន​រីក‌រាយ​ឡើង​វិញ។
9ព្រះអង្គ​អើយ សូម​កុំ​ទត​មើល
អំពើ​បាប​របស់​ទូលបង្គំ​ឡើយ
តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​ទៅ។
10ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ
សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។
11សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ
សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ
របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។
12សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ
ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
សូម​គាំទ្រ​ទូលបង្គំ
ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។
13ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល
ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។
14ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់
នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​ដោយ​អំណរ។
15ព្រះ‌អម្ចាស់​អើយ
សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង
ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។
16ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ
ទោះ​បី​តង្វាយ​ដុត​ទាំង​មូល
ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។
17យញ្ញ‌បូជា​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ
ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ
និង​ចិត្ត​លែង​មាន​អំនួត។
18ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន
ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ
ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។
19ពេល​នោះ ព្រះអង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ
នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះអង្គ
គឺ​តង្វាយ​ដុត​ទាំង​មូល
ហើយ​គេ​នឹង​យក​គោ​ឈ្មោល
មក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអង្គ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy