ទំនុកតម្កើង 44
44
ព្រះអម្ចាស់អើយ សូមតើនឡើង!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
1ឱព្រះជាម្ចាស់អើយ
ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ
យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក
នូវស្នាព្រះហស្ដទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក
គឺតាំងពីយូរអង្វែងណាស់មកហើយ។
2ដោយសារព្រះបារមីរបស់ព្រះអង្គ
ព្រះអង្គបានបណ្ដេញប្រជាជាតិនានា
ចេញពីស្រុករបស់ខ្លួន
ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ
ឲ្យមកនៅជំនួស។
ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ
ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
3ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ
ដោយសារអាវុធរបស់ខ្លួនឡើយ
ហើយគេក៏ពុំបានយកជ័យជម្នះ
ដោយសារកម្លាំងរបស់ខ្លួនដែរ
គឺគេទទួលជ័យជម្នះដោយសារឫទ្ធានុភាព
និងព្រះចេស្ដារបស់ព្រះអង្គ
ព្រោះព្រះអង្គស្រឡាញ់
ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
4ឱព្រះជាម្ចាស់អើយ
ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ!
មានតែព្រះអង្គទេដែលប្រទានជ័យជម្នះ
ដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
5ដោយសារព្រះអង្គ
យើងខ្ញុំបានយកជ័យជម្នះលើបច្ចាមិត្ត
ដោយសារព្រះនាមរបស់ព្រះអង្គ
យើងខ្ញុំបានបង្ក្រាបអស់អ្នក
ដែលប្រឆាំងនឹងយើងខ្ញុំ
6ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយ
ហើយដាវរបស់ទូលបង្គំ
ក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
7មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួច
ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យ
អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
8ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើង
សិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ហើយយើងខ្ញុំនឹងសរសើរតម្កើង
ព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។
- សម្រាក
9ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល
យើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខ
ព្រះអង្គមិនយាងទៅជាមួយកងទ័ព
របស់យើងខ្ញុំទៀតទេ។
10ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយ
នៅមុខបច្ចាមិត្ត
ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ
របស់យើងខ្ញុំយកទៅធ្វើជាជយភណ្ឌ។
11ព្រះអង្គប្រគល់យើងខ្ញុំទៅឲ្យ
ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ
ព្រះអង្គធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយ
ទៅតាមប្រទេសនានា
12ព្រះអង្គបានលក់ប្រជារាស្ត្ររបស់ព្រះអង្គ
យ៉ាងថោកបំផុត
គឺព្រះអង្គពុំបានចំណេញអ្វីឡើយ។
13ព្រះអង្គបានបណ្ដោយឲ្យប្រទេស
ជិតខាងមើលងាយយើងខ្ញុំ
ប្រជាជាតិដែលនៅជុំវិញ
នាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
14ព្រះអង្គបានធ្វើឲ្យប្រជាជាតិនានា
យករឿងយើងខ្ញុំទុកជាការលេងសើច
ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
15ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃ
ហើយទូលបង្គំអាម៉ាស់មុខណាស់
16នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ
នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
17ឱព្រះអម្ចាស់អើយ
ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ
ទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គ
ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង
សម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។
18យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេ
ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក
ពីមាគ៌ារបស់ព្រះអង្គដែរ
19មិនគួរណាព្រះអង្គបំបរបង់ចោល
យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ
ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ
ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
20ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ
ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ
ព្រះណាមួយផ្សេងទៀតនោះ
21ព្រះជាម្ចាស់មុខតែជ្រាបជាមិនខាន
ដ្បិតព្រះអង្គឈ្វេងយល់អ្វីៗ
ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
22 ព្រោះតែព្រះអង្គ
គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា
ហើយគេចាត់ទុកយើងខ្ញុំ
ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
23ព្រះអម្ចាស់អើយ
ហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ?
សូមក្រោកឡើង!
សូមតើនឡើង!
កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
24ហេតុអ្វីបានជាព្រះអង្គពួន
មិនទតមើលមកយើងខ្ញុំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ
ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
25ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី
យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី ។
26សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង!
ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ
សូមរំដោះយើងខ្ញុំផង។
Currently Selected:
ទំនុកតម្កើង 44: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.