YouVersion Logo
Search Icon

ទំនុកតម្កើង 41

41
សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1មាន​សុភមង្គល​ហើយ
អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់
នឹង​មនុស្ស​កម្សត់​ទុគ៌ត!
ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។
2 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ
ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែនដី
ព្រះអង្គ​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។
3 ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេ
នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច
ហើយ​ព្រះអង្គ​ប្រោស​គេ
ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។
4ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះអង្គ​អើយ
សូម​ប្រណី​មេត្តា​ទូលបង្គំ
សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង
ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ហើយ។
5សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា
និយាយ​អាក្រក់​ពី​ទូលបង្គំ
គេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់
គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។
6អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូលបង្គំ
គេ​មាន​គំនិត​មិន​ល្អ​ទេ
គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ
ទាំង​និយាយ​បរិហារ​ពី​ទូលបង្គំ។
7អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក
ប្រឆាំង​នឹង​ទូលបង្គំ
ថា​ទូលបង្គំ​គេច​មិន​ផុត​ពី​ស្លាប់។
8គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ!
គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។
9 សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូលបង្គំ
គឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្ត
ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ
រួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ ។
10ចំពោះ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​មេត្តា​ទូលបង្គំ
សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង
នោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ
ឲ្យ​សម​នឹង​អំពើ​របស់​គេ។
11បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ
គ្មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ​ទេ​នោះ
ទូលបង្គំ​នឹង​ដឹង​ជាក់​ថា
ព្រះអង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ
នឹង​ទូលបង្គំ​មែន។
12ព្រះអង្គ​បាន​ជួយ​ទូលបង្គំ
ដោយ​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ទាំង​ស្រុង
ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ
នៅ​ជា​មួយ​ព្រះអង្គ​រហូត​ត​ទៅ។
13 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy