YouVersion Logo
Search Icon

ទំនុកតម្កើង 40

40
ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
ទំនុក​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់
សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។
2ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ
មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។
3ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី
ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង
មនុស្ស​ជា​ច្រើន​នឹង​ឃើញ
ហើយ​កោត​ខ្លាច​ទៀត​ផង
គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
4មាន​សុភមង្គល​ហើយ
មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
ដែល​ជា​ព្រះ​បោក​បញ្ឆោត!។
5ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ
ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ
ព្រះអង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន
សម្រាប់​យើង​ខ្ញុំ​ដែរ។
គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ
ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា
ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។
6 ព្រះអង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ
តែ​ព្រះអង្គ​បាន​បើក​ត្រចៀក​ទូលបង្គំ
ឲ្យ​ចេះ​ស្ដាប់​ព្រះអង្គ
ព្រះអង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬ
យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។
7ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់
ទូលបង្គំ​មក​រក​ព្រះអង្គ
ទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។
8ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម
ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ
ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដក់
នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជានិច្ច ។
9ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ
ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា
ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
10ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ
ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ
ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស
អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់
របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។
11ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ
អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់
របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។
12មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូលបង្គំ
កំហុស​របស់​ទូលបង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូលបង្គំ
ធ្វើ​ឲ្យ​ទូលបង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូលបង្គំ​មាន​ចំនួន​ច្រើន​ជាង
សរសៃ​សក់​របស់​ទូលបង្គំ​ទៅ​ទៀត
ទូលបង្គំ​លែង​មាន​កម្លាំង
ប្រឈម​មុខ​ទៀត​ហើយ។
13ឱ​ព្រះ‌អម្ចាស់​អើយ
សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង!
ព្រះ‌អម្ចាស់អើយ
សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!
14សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំ
ត្រូវ​អាប់‌ឱន និង​បាក់​មុខ​ទាំង​អស់​គ្នា!
សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត
នឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំ
ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!
15សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ
ត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស
16រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ
សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ព្រះអង្គ!
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ
របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
17ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូលបង្គំ។
ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​យាង​មក​កុំ​បង្អង់​ឡើយ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy