YouVersion Logo
Search Icon

ទំនុកតម្កើង 35

35
សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ
សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។
2សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ
យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!
3សូម​គប់​លំពែង និង​ពូថៅ
ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ
សូម​បញ្ជាក់​ឲ្យ​ទូលបង្គំ​ដឹង​ថា
ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ។
4សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ
ត្រូវ​អាម៉ាស់ និង​បាក់​មុខ
សូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ
ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស!
5នៅ​ពេល​ទេវតា*​របស់​ព្រះ‌អម្ចាស់ បណ្ដេញ​ពួក​គេ
សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម
ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។
6នៅ​ពេល​ទេវតា​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេ
សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង
និង​រអិល​ទៀត​ផង!។
7អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់
ដើម្បី​ទាក់​ទូលបង្គំ
ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ
ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។
8សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ
ដោយ​មិន​បាន​ដឹង​ជា​មុន
សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់
ដែល​ខ្លួន​បាន​បង្កប់​ទុក
សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ
ហើយ​វិនាស​អន្តរាយ​ទៅ!។
9ពេល​នោះ ទូលបង្គំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង
ចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ
ទូលបង្គំ​មាន​អំណរ​សប្បាយ
មក​ពី​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។
10ទូលបង្គំ​នឹង​ទូល​ព្រះអង្គ​យ៉ាង​ស្មោះ
អស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយ
គ្មាន​នរណា​ដូច​ព្រះអង្គ​ឡើយ
ព្រះអង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ
ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ
ព្រះអង្គ​រំដោះ​ជន​កម្សត់​ទុគ៌ត​ឲ្យ​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។
11មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន
នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ
ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។
12គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង
នឹង​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ទូលបង្គំ​នៅ​ឯកោ​ម្នាក់​ឯង។
13ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខ
ទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ
ហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។
14ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បងប្អូន
ទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេង
ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។
15ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាក
គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ
គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
ហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់
បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំ
ឥត​ឈប់​ឡើយ។
16ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល
ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ
ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។
17ព្រះ‌អម្ចាស់​អើយ!
តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត?
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេ
សូម​ការពារ​ជីវិត​ទូលបង្គំ
ឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។
18ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ
ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ
ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។
19 សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន
ជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយ
ព្រោះ​តែ​ទូលបង្គំ​ចាញ់
សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក
ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល
ពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។
20ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេ
ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ
មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។
21ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំ
គេ​ស្រែក​ចំអក​ឲ្យ​ទូលបង្គំ​ថា «ហា៎ ហ៎ា!
យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។
22ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ
សូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!
23ឱ​ព្រះ​នៃ​ទូលបង្គំ
ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ
សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង
រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ
សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។
24ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​សុចរិត
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
កុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយ
ព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។
25សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា
«យើង​មាន​ប្រៀប​លើ​វា​ហើយ!»
សូម​កុំ​ឲ្យ​គេ​ពោល​ថា
«យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។
26សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ
នៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់
ហើយ​បាក់​មុខ​ទាំង​អស់​គ្នា!
សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូលបង្គំ
ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។
27រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ
ទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោស
សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ
ដោយ​អំណរ​សប្បាយ
ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា
«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​បាន​ជោគ​ជ័យ!»។
28ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​ជានិច្ច
ហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ
ជា​រៀង​រាល់​ថ្ងៃ!។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ទំនុកតម្កើង 35