ទំនុកតម្កើង 33
33
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
1មនុស្សសុចរិតអើយ ចូរនាំគ្នា
អបអរលើកតម្កើងព្រះអម្ចាស់!
មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ
ដែលអាចកោតសរសើរព្រះអង្គ។
2ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណ
ចូរស្មូត្រទំនុកតម្កើង ព្រះអង្គ
ទាំងលេងចាប៉ីខ្សែដប់កំដរផង។
3ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!
ចូរប្រគំតន្ត្រីយ៉ាងពីរោះ
ក្នុងពេលស្រែកអបអរសាទរព្រះអង្គ
4ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់
ហើយព្រះអង្គតែងប្រព្រឹត្តតាម
ព្រះបន្ទូលសន្យាជានិច្ច។
5ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត
ព្រមទាំងសេចក្ដីទៀងត្រង់
ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអម្ចាស់។
6ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល
របស់ព្រះអម្ចាស់
ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង
ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
7ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រ
មកផ្ដុំគ្នានៅកន្លែងតែមួយ
ព្រះអង្គបានបង្ឃាំងមហាសមុទ្រ
ឲ្យនៅមួយកន្លែង។
8ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់!
ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី
ញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
9ដ្បិតអ្វីៗទាំងអស់កើតមាន
ដោយសារព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គបង្គាប់យ៉ាងណា
ក៏កើតមានយ៉ាងនោះមែន ។
10 ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា!
ព្រះអង្គរំលាយគម្រោងការរបស់
ប្រជាជនទាំងឡាយ។
11រីឯផែនការរបស់ព្រះអង្គវិញ
នៅស្ថិតស្ថេររហូតតទៅ
ហើយគម្រោងការរបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច។
12មានសុភមង្គលហើយ ប្រជាជាតិណា
ដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន!
មានសុភមង្គលហើយ
ប្រជាជនណាដែលព្រះអង្គបានជ្រើសរើស
ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់! ។
13 ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខ
ព្រះអង្គឃើញមនុស្សលោកទាំងអស់
14ហើយពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គរំពៃមើលមនុស្សទាំងអស់
ដែលរស់នៅលើផែនដី
15គឺព្រះអង្គហើយដែលបានបង្កើត
ចិត្តគំនិតរបស់គេទាំងអស់គ្នា
ហើយព្រះអង្គយកព្រះហឫទ័យ
ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។
16ពុំដែលមានស្ដេចណាយកជ័យជម្នះបាន
ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ
ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ
ដោយសារកម្លាំងខ្លាំងក្លានោះដែរ។
17សេះចម្បាំងពុំអាចធ្វើឲ្យមានជ័យជម្នះបានឡើយ
ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ
ក៏ពុំអាចជួយរំដោះបានដែរ។
18 ព្រះអម្ចាស់តាមថែរក្សា
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ។
19ព្រះអង្គសង្គ្រោះគេឲ្យរួចពីសេចក្ដីស្លាប់
ហើយឲ្យគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។
20យើងផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គជួយសង្គ្រោះ និងការពារយើង
21យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ
យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។
22ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណា
មកលើយើងខ្ញុំផង
ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។
Currently Selected:
ទំនុកតម្កើង 33: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.