ទំនុកតម្កើង 148
148
ចូរឲ្យអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
1ហាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់
នៅស្ថានបរមសុខ!
អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ
ចូរសរសើរតម្កើងព្រះអង្គ!
2ទេវតាទាំងអស់អើយ ចូរសរសើរតម្កើងព្រះអង្គ!
ពពួកទេវតាទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
3ព្រះអាទិត្យ និងព្រះច័ន្ទអើយ
ចូរសរសើរតម្កើងព្រះអង្គ!
ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
4ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ
ចូរសរសើរតម្កើងព្រះអង្គ!
ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ
ចូរសរសើរតម្កើងព្រះអង្គ!
5ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង
ព្រះនាមព្រះអម្ចាស់
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល
នោះអ្វីៗទាំងអស់កើតមានឡើង។
6ព្រះអង្គបានតាំងអ្វីៗទាំងអស់
ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ
ព្រះអង្គបានដាក់វិន័យមួយ
ដែលមិនប្រែប្រួលឡើយ។
7ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី
មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ
ចូរសរសើរតម្កើងព្រះអង្គ។
8ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ
ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ
9ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ
និងដើមគគីរទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
10សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី
និងសត្វលូនវារទាំងឡាយអើយ
ចូរសរសើរតម្កើងព្រះអង្គ!
11ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ
អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី
ចូរសរសើរតម្កើងព្រះអង្គ!
12យុវជន និងយុវនារី
មនុស្សចាស់ជរា និងកូនក្មេង
ចូរសរសើរតម្កើងព្រះអង្គ!
13ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង
ព្រះនាមព្រះអម្ចាស់
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ
ដែលឧត្ដមប្រសើរលើសគេ
ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដី និងផ្ទៃមេឃ។
14ព្រះអង្គប្រោសប្រទានឲ្យប្រជារាស្ត្រ
របស់ព្រះអង្គមានកម្លាំងឡើងវិញ
ហើយធ្វើឲ្យអស់អ្នក
ដែលស្មោះត្រង់នឹងព្រះអង្គ
គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល
ដែលស្និទ្ធស្នាលនឹងព្រះអង្គ បានខ្ពស់មុខឡើង!
ហាលេលូយ៉ា!
Currently Selected:
ទំនុកតម្កើង 148: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.