សុភាសិត 2
2
ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់
1កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក
កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ
2ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា
ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។
3ចូរយកតម្រិះមកធ្វើជាជំនួយ
ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
4ចូរខំប្រឹងស្វែងរកប្រាជ្ញា
ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
5ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព
កោតខ្លាចព្រះអម្ចាស់
ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។
6មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។
ចំណេះវិជ្ជា និងការដឹងខុសត្រូវ
សុទ្ធតែមកពីព្រះអង្គទាំងអស់។
7ព្រះអង្គជួយមនុស្សទៀងត្រង់
ហើយធ្វើជាខែលការពារ
អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
8ព្រះអង្គជួយការពារ
អស់អ្នកដែលដើរតាមគន្លងធម៌
ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
9ប្រសិនបើកូនស្ដាប់ឪពុក
កូននឹងយល់អំពីមាគ៌ាដ៏សុចរិត
ទៀងត្រង់ និងត្រឹមត្រូវ
ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
10ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា
ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
11ការចេះគិតពិចារណានឹងការពារកូន
ហើយការដឹងខុសត្រូវនឹងថែរក្សាកូន
12មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់
ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស
ដែលពោលពាក្យខិលខូច
13ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់
ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
14ជនទាំងនោះសប្បាយចិត្តតែនឹង
ប្រព្រឹត្តអំពើអាក្រក់
ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
15អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ
មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
16ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម
របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន
17គឺស្ត្រីផិតប្ដីរបស់ខ្លួន
និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
18អាកប្បកិរិយារបស់ស្ត្រីបែបនេះ
រមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់
និងនាំគេឯងឲ្យវិនាសបាត់បង់។
19ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ
ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ
គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
20ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ
និងយកតម្រាប់តាមមនុស្សសុចរិត
21ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ
ហើយមនុស្សឥតកំហុស
នឹងនៅស្ថិតស្ថេររហូតតទៅ។
22រីឯមនុស្សពាលវិញ
ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក
ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ
ចេញពីស្រុកដែរ។
Currently Selected:
សុភាសិត 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.