ភីលីព 2
2
ព្រះគ្រិស្តបន្ទាបខ្លួន និងទទួលសិរីរុងរឿង
1ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿន អ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា 2សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ 3កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។ 4ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ ។ 5ព្រះគ្រិស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។
6ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្ដោបក្តាប់
ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
7ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជា
មនុស្សសាមញ្ញដែរ។
8ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា
រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង
ថែមទៀតផង។
9ហេតុនេះហើយបានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គ
មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
10 ដើម្បីឲ្យអ្វីៗទាំងអស់
ទាំងនៅស្ថានបរមសុខ*
ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាក្រាបថ្វាយបង្គំ
នៅពេលណាឮព្រះនាមព្រះយេស៊ូ
11និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា
ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់
ជាព្រះបិតា។
គ្រិស្តបរិស័ទជាពន្លឺពិភពលោក
12ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល 13ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។ 14ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ 15 ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក 16ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្តយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ 17ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ 18រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត
19ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន 20ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ 21អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្តទេ។ 22បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។ 23ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ 24ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
25ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ 26គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ 27គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ 28ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ 29សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង 30ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ត គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
Currently Selected:
ភីលីព 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.