ម៉ាកុស 4:37-41
ម៉ាកុស 4:37-41 គខប
ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។