ម៉ាកុស 15
15
ព្រះយេស៊ូនៅមុខលោកពីឡាត
(ម៉ាថាយ ២៧.១-២, ១១-១៤ លូកា ២៣.១-៥ យ៉ូហាន ១៨.២៨-៣៨)
1លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ*ប្រជុំគ្នាជាមួយពួកព្រឹទ្ធាចារ្យ* ពួកអាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។ 2លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ 3ពួកនាយកបូជាចារ្យបានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូ។ 4លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ 5ព្រះយេស៊ូពុំឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(ម៉ាថាយ ២៧.១៥-២៦ លូកា ២៣.១៣-២៥ យ៉ូហាន ១៨.៣៩-១៩.១៦)
6ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។ 7មានបុរសម្នាក់ឈ្មោះ បារ៉ាបាស ជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ 8បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។ 9លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬ?»។ 10លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។
11ពួកនាយកបូជាចារ្យ*នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។ 12លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ 13គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ 14លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ ប៉ុន្តែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។ 15លោកពីឡាតចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។
ទាហានមើលងាយ និងធ្វើបាបព្រះយេស៊ូ
(ម៉ាថាយ ២៧.២៧-៣១ យ៉ូហាន ១៩.២-៣)
16ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ 17គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួង បំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ 18គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ 19គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ 20ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧.៣២-៤៤ លក.២៣.២៦-៤៣ យហ.១៩.១៧-២៧)
21 ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ 22គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយឈ្មោះ “គាល់កូថា” ដែលប្រែថា “ភ្នំលលាដ៍ក្បាល”។ 23គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។ 24 គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ 25គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ 26គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ 27គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [28 ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់» ។] 29 មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ 30សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ 31រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ 32សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។
ព្រះយេស៊ូសោយទិវង្គត
(មថ.២៧.៤៥-៥៦ លក.២៣.៤៤-៤៩ យហ.១៩.២៨-៣០)
33នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ 34 នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ 35អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ 36 មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
37រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ 38 វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ 39នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
40 មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ 41ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។
ការបញ្ចុះព្រះសពព្រះយេស៊ូ
(មថ ២៧.៥៧-៦៦ លក ២៣.៥០-៥៦ យហ ១៩.៣៨-៤២)
42ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច 43លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ 44លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ 45បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។
46លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ 47នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
Currently Selected:
ម៉ាកុស 15: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.