មីកា 5
5
ព្រះសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម
1«បេថ្លេហិមអេប្រាតាអើយ!
ក្នុងចំណោមអំបូរទាំងប៉ុន្មាន
នៅស្រុកយូដា អ្នកតូចជាងគេមែន
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែល
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
លោកនោះមានដើមកំណើត
តាំងពីបុរាណកាលដ៏យូរលង់»។
2 ព្រះជាម្ចាស់នឹងបោះបង់ចោល
ប្រជាជនអ៊ីស្រាអែលមួយរយៈសិន
រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។
ពេលនោះ បងប្អូនរបស់បុត្រ
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា
ជាមួយកូនចៅអ៊ីស្រាអែលវិញ។
3ស្ដេចនោះនឹងក្រោកឡើង
ហើយដឹកនាំជនជាតិអ៊ីស្រាអែល
ដោយព្រះចេស្ដារបស់ព្រះអម្ចាស់
និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់លោក។
អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត
ដ្បិតចាប់ពីពេលនេះទៅ
ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
4ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក
វាយលុកស្រុកយើង
ហើយវាយចូលដល់កំពែងក្រុងរបស់យើង
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់
ឲ្យទៅតយុទ្ធនឹងពួកគេ។
5មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង
ដើម្បីឈ្លានពានទឹកដីរបស់យើង
ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី
កណ្ដាប់ដៃរបស់ពួកគេ។
6 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ
ដោយឥតត្រូវការមនុស្សជួយឡើយ។
7កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។
ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី
ដោយឥតមាននរណាម្នាក់អាចរំដោះ
ឲ្យរួចបានឡើយ។
8ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក
ចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
9នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក
យើងនឹងកម្ទេចរទេះចម្បាំងរបស់អ្នក
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10«យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក
យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ
ទាំងប៉ុន្មានរបស់អ្នក។
11យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
12យើងនឹងដកព្រះក្លែងក្លាយ
និងរូបបដិមាចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងថ្វាយបង្គំរូប
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
13យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក
យើងនឹងកម្ទេចក្រុងរបស់អ្នក។
14យើងនឹងដាក់ទោសប្រជាជាតិនានា
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
Currently Selected:
មីកា 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.