ម៉ាថាយ 6:7-15
ម៉ាថាយ 6:7-15 គខប
ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ: ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ*អើយ! សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់* សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។] បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។