YouVersion Logo
Search Icon

លេវីវិន័យ 27

27
អំពី​បំណន់ និង​តង្វាយ​មួយ​ភាគ​ដប់
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថ្វាយ​នរណា​ម្នាក់​ទៅ​ព្រះអង្គ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។ 3ត្រូវ​វាយ​តម្លៃ​មនុស្ស​ដូច​ត​ទៅ: មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ទៅ​ហុក‌សិប​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​ដប់‌ប្រាំ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ។ 4ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។ 5ចំពោះ​មនុស្ស​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។ 6ក្មេង​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សម្រាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សម្រាប់​ក្មេង​ស្រី។ 7ចំពោះ​ចាស់ៗ​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។ 8ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កម្រិត​ជីវ‌ភាព​របស់​អ្នក​បន់។
9ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ។ 10មិន​ត្រូវ​យក​អ្វី​មក​ដោះ‌ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះអង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។ 11ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជា‌ចារ្យ 12បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណ‌ភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។ 13ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។
14ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។ 15ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។
16ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី‌ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់‌ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។ 17ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។ 18ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ 19បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​គេ​វិញ។ 20ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។ 21នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។
22ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន​មែន​ជា​កេរ‌អាករ 23បូជា‌ចារ្យ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់24លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។ 25ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។
26មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ រួច​ស្រេច​ទៅ​ហើយ។ 27ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។
28 បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ​រហូត។ 29រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។
30 តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់31ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។ 32ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ដែរ។ 33ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ សម្រាប់​ថ្វាយ​ព្រះអង្គ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​ទេ»។
34នេះ​ហើយ​ជា​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for លេវីវិន័យ 27