លេវីវិន័យ 12
12
ពិធីជម្រះកាយស្ត្រីក្រោយពេលឆ្លងទន្លេ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ 3 នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។ 4បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសម្រាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបរិសុទ្ធ។ 5ប្រសិនបើនាងសម្រាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។ 6លុះផុតពេលកំណត់ដែលនាងធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ ព្រោះតែការសម្រាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ 7បូជាចារ្យថ្វាយសត្វទាំងនេះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មង ដោយសារការធ្លាក់ឈាម នៅពេលសម្រាលកូន។ នេះជាក្រឹត្យវិន័យសម្រាប់ស្ត្រីដែលសម្រាលកូនប្រុស ឬកូនស្រី។
8 ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ក្រោយពីបូជាចារ្យធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។
Currently Selected:
លេវីវិន័យ 12: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.