យ៉ូស្វេ 17
17
ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេខាងលិច
1កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែប ក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរ ជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចម្បាំងមួយរូបដ៏ចំណាន។ 2រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។ 3លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។ 4 នាងទាំងនោះបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជម្រាបថា “ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឲ្យប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីឲ្យពួកនាងទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់។ 5ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ 6ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដបានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
7ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេលាតសន្ធឹងពីស្រុកអេស៊ើរទៅក្រុងមីគមេថា ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។ 8ទឹកដីស្រុកតាពួជាកម្មសិទ្ធិរបស់កូនចៅម៉ាណាសេ ប៉ុន្តែ ក្រុងតាពួដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កូនចៅអេប្រាអ៊ីម 9ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់ខាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ 10ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។ 11កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។ 12 ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។ 13ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានឲ្យធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្តេញជនជាតិនេះចេញពីស្រុកឡើយ។
កុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេខាងលិច ទាមទារទឹកដីថែមទៀត
14កូនចៅរបស់លោកយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌កឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។ 15លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។ 16កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។ 17លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។ 18បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្ដេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។
Currently Selected:
យ៉ូស្វេ 17: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.