YouVersion Logo
Search Icon

យ៉ូប 38

38
អន្តរា‌គមន៍​របស់​ព្រះ‌ជាម្ចាស់
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់
លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖
2«ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង
ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?
3ចូរ​ប្រុង​ប្រៀប​ខ្លួន​ដូច​មនុស្ស​អង់‌អាច
យើង​នឹង​សួរ​អ្នក
ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!
4នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី
នោះ​តើ​អ្នក​នៅ​ឯ​ណា?
ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ
ចូរ​ថ្លែង​មក​ចុះ។
5នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី
នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដី
តើ​អ្នក​ដឹង​ឬ​ទេ?
6តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី?
តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់
7ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា
ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?
8 តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល
ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?
9គឺ​យើង​ហើយ ដែល​យក​ពពក​បិទ‌បាំង​សមុទ្រ
ទុក​ដូច​ជា​សម្លៀក‌បំពាក់
ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម
10យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ
យើង​បាន​ទប់​សមុទ្រ​ជាប់
ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។
11យើង​បញ្ជា​ទៅ​សមុទ្រ​ថា
“ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ!
ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់
ត្រង់​កន្លែង​នេះ!”។
12តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា
ឲ្យ​មាន​ពេល​ព្រឹក
ហើយ​កំណត់​ពេល​វេលា​ឲ្យ​ថ្ងៃ​រះ​ឡើង
13បំភ្លឺ​ជាយ​ផែនដី
និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ?
14ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង
ដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ព
ហើយ​ធម្ម‌ជាតិ​ក៏​បញ្ចេញ​សម្រស់​ដ៏​ល្អ​ប្រណីត។
15រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ
ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។
16តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ
ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ?
17តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញ
ទ្វារ​ស្ថាន​មច្ចុរាជ
ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?
18តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា?
បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!
19តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា?
តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា?
20បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វា
ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។
21អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ
រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ!
22តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ?
តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?
23យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក
សម្រាប់​គ្រា​មហន្ត‌រាយ
និង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។
24ពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណា
ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង
មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?
25តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀង
ហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់
26រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ
និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ
27ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង
និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង?
28តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ?
នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម?
29តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក
ព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កក
ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?
30ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម
ហើយ​មហា‌សាគរ​ក៏​កក​ដែរ។
31 តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា
ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?
32តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មក
តាម​ពេល​កំណត់​របស់​វា
និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?
33តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃ
ហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើ
ផែនដី​បាន​ឬ​ទេ?
34ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពក
តើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ?
35ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ​រស្មី
តើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?
36តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន
ថា​ដល់​ពេល​ទឹក​ឡើង
ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?
37តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក
ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ
ឲ្យ​បង្ហូរ​ទឹក​ចុះ​មក
38ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នា
ហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែង
មក​នៅ​ជាប់​គ្នា​វិញ។
39តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី
និង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន
40នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង
ឬ​សម្ងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?
41តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​ឲ្យ​សត្វ​ក្អែក
នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះ‌ជាម្ចាស់
ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?

Currently Selected:

យ៉ូប 38: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy