YouVersion Logo
Search Icon

យ៉ូប 37

37
1ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំង
ស្ទើរ​តែ​គាំង​បេះ‌ដូង។
2ចូរ​នាំ​គ្នា​ស្ដាប់​ចុះ
ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង
ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង
គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ
3ព្រះអង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ
ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​រហូត​ទៅ​ដល់
ទី​ដាច់​ស្រយាល​នៃ​ផែនដី។
4បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ
លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង
ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះ
ព្រះអង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ
ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។
5ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែង
ព្រះអង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត
ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។
6ព្រះអង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី
ព្រះអង្គ​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។
7ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្ម‌ភាព
របស់​មនុស្ស​ទាំង​អស់
ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះអង្គ។
8សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជម្រក
ហើយ​សម្ងំ​នៅ​ក្នុង​រូង​របស់​វា។
9ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូង
ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។
10ដោយ‌សារ​ខ្យល់​របស់​ព្រះ‌ជាម្ចាស់
ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។
11ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក
ព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។
12ព្រះអង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី
ស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា
ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។
13ធ្វើ​ដូច្នេះ ដើម្បី​ព្រះអង្គ​ដាក់​ទោស​មនុស្ស
នៅ​លើ​ផែនដី ឬ​សម្តែង
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។
14លោក​យ៉ូប​អើយ
សូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ
សូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!
15សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថា
តើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ
និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ
តាម​របៀប​ណា?
16តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង
នៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា?
ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ
ទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។
17ពេល​ធាតុ​អាកាស​ហប់
ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង
នោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ
18ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់
ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍
ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?
19សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល
យើង​ត្រូវ​ទូល​ព្រះអង្គ​ផង
យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ
ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។
20ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះអង្គ​ទេ
ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ព្រះអង្គ​បំផ្លាញ​ខ្ញុំ។
21រំពេច​នោះ គេ​មិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ
ព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក
ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ
ប្រែ​ជា​ស្រឡះ។
22មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង
ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើង
និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
23យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព
ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ
ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ដោយ‌សារ​ព្រះ‌ចេស្ដា
ព្រះអង្គ​ប្រកប​ដោយ​យុត្តិធម៌
ហើយ​សុចរិត​បំផុត
ព្រះអង្គ​មិន​បំពាន​លើ​នរណា​ឡើយ!
24ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ
គោរព​កោត​ខ្លាច​ព្រះអង្គ។
ព្រះអង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន
ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

Currently Selected:

យ៉ូប 37: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy