YouVersion Logo
Search Icon

យ៉ូប 29

29
លោក​យ៉ូប​រំឭក​ពី​គ្រា​ដែល​លោក​បាន​រុងរឿង
1លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដូច​ត​ទៅ៖
2«ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុន
គឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ
3នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ
ហើយ​ពន្លឺ​របស់​ព្រះអង្គ​នាំ​ខ្ញុំ
ឲ្យ​ដើរ​កាត់​ភាព​ងងឹត។
4ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះ
ព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ
ព្រះអង្គ​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។
5ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
គង់​នៅ​ជា​មួយ​ខ្ញុំ
ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ។
6ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ
យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ
ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។
7ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង
អង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ
8ពួក​យុវជន​ឃើញ​ខ្ញុំ
គេ​នាំ​គ្នា​ដក​ខ្លួន​ថយ
ពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។
9ពួក​មេ​ដឹក​នាំ​ឈប់​និយាយ
យក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម
10ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់
មិន​ហ៊ាន​និយាយ​ស្ដី​ទេ។
11ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំ
ពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ
12ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរ
ខ្ញុំ​ជួយ​យក​អាសា​គេ
ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រា
គ្មាន​ទី​ពឹង​ដែរ។
13អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំ
ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ
ឲ្យ​មាន​អំណរ​សប្បាយ។
14សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ
ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំ
ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ
និង​ឈ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។
15ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់
និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។
16ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ
ហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្ស
ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។
17ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត
ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។
18ពេល​នោះ ខ្ញុំ​គិត​ថា
ខ្ញុំ​មុខ​ជា​មាន​អាយុ​វែង
ហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំ‌នៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។
19ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ
ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក
ហើយ​នៅ​ពេល​យប់
មាន​សន្សើម​ធ្លាក់​មក​លើ​មែក។
20ខ្ញុំ​នឹង​ទទួល​កិត្តិយស​មិន​ចេះ​ចប់
កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មី
ដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។
21មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ
ពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។
22អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះ
គ្មាន​នរណា​ប្រកែក​តវ៉ា​ទេ
តែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។
23ពួក​គេ​រង់‌ចាំ​ខ្ញុំ ដូច​រង់‌ចាំ​ទឹក​ភ្លៀង
គឺ​ដូច​អ្នក​ស្រែ​ទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។
24ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ
ពួក​គេ​រក​ជឿ​មិន​បាន។
ពួក​គេ​រង់‌ចាំ​ខ្ញុំ​សម្តែង​ចិត្ត​មេត្តា​ករុណា
ចំពោះ​ពួក​គេ។
25ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ
ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេ
ហើយ​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​ពួក​គេ
ដូច​ស្ដេច​ស្ថិត​នៅ​ជា​មួយ​កង‌ពល​របស់​ខ្លួន
និង​ដូច​មនុស្ស​ម្នាក់​លើក​ទឹក​ចិត្ត
អស់​អ្នក​ដែល​កើត​ទុក្ខ។

Currently Selected:

យ៉ូប 29: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in