យ៉ូប 22
22
ប្រសាសន៍លើកទីបីរបស់លោកអេលីផាស: លោកយ៉ូបពិតជាមានកំហុសមែន!
1 លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2«តើមនុស្សមានប្រយោជន៍អ្វី
សម្រាប់ព្រះជាម្ចាស់? គ្មានទេ!
មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ
ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
3បើលោកសុចរិត
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
សព្វព្រះហឫទ័យដែរឬ?
បើលោករស់នៅដោយទៀងត្រង់
តើព្រះអង្គបានចំណេញអ្វី?
4តើព្រះអង្គស្ដីបន្ទោសលោក
ហើយនាំលោកទៅវិនិច្ឆ័យទោស
មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ?
5ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក
និងកំហុសដ៏ច្រើនឥតគណនារបស់លោក។
6លោកបានយករបស់បញ្ចាំ
ពីជនរួមជាតិរបស់លោកដោយឥតហេតុផល
ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ
ទុកឲ្យនៅខ្លួនទទេ។
7លោកពុំបានផ្ដល់ទឹកទៅឲ្យអ្នកស្រេក
ហើយក៏ពុំបានផ្ដល់អាហារទៅ
ឲ្យអ្នកឃ្លានដែរ។
8លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដី
និងឲ្យបក្សពួករបស់លោកកាន់កាប់ទឹកដី។
9លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ
ដោយដៃទទេ
ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
10ហេតុនេះហើយបានជាមានអន្ទាក់
ឡោមព័ទ្ធលោកគ្រប់ទិសទី
មហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។
11ភាពងងឹតគ្របពីលើលោក
ធ្វើឲ្យលោកមើលអ្វីមិនឃើញ
ទឹកក៏កំពុងតែជន់លិចលោកដែរ។
12ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុត
សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
13លោកបែរជាពោលថា
“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ
តើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
14ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាល
មានពពកដ៏ក្រាស់បាំងព្រះអង្គ
មិនឲ្យមើលឃើញអ្វីទាំងអស់”។
15ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់
ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
16អ្នកទាំងនោះអន្តរាយមុនពេលកំណត់
ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
17ពួកគេទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច
ធ្វើអ្វីយើងខ្ញុំបានឡើយ”។
18ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យ
ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។
ខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់បានទេ។
19មនុស្សសុចរិត និងមនុស្សស្លូតត្រង់
ឃើញមនុស្សអាក្រក់វិនាស
គេនាំគ្នាសប្បាយរីករាយ
និងសើចចំអកឲ្យថា:
20“អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង
វិនាសសូន្យបាត់ទៅហើយ
អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។
21ដូច្នេះ សូមចុះសំរុងជាមួយព្រះជាម្ចាស់ទៅ
កុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយ
នោះព្រះអង្គនឹងប្រទានពរលោក។
22សូមទទួលយកដំបូន្មានរបស់ព្រះអង្គ
ហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។
23ប្រសិនបើលោកវិលមករក
ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នោះព្រះអង្គនឹងលើកលោកឡើងវិញ។
សូមដកអំពើទុច្ចរិតចេញឆ្ងាយ
ពីទីលំនៅរបស់លោក។
24សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដី
សូមយកមាសដ៏ល្អបំផុតទៅបោះចោល
ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
25នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។
26ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងប្រទានឲ្យលោកមានអំណរសប្បាយ
ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
27ពេលលោកទូលអង្វរព្រះអង្គ
ព្រះអង្គនឹងឆ្លើយតបមកលោកវិញ
ហើយលោកនឹងថ្វាយតង្វាយ
តាមពាក្យដែលលោកបន់។
28ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយ
ការនោះនឹងកើតជារូបរាងឡើង
ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
29ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត
តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
30សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរ
ដូច្នេះ ព្រះអង្គនឹងរំដោះលោក
តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។
Currently Selected:
យ៉ូប 22: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.