YouVersion Logo
Search Icon

យ៉ូប 22

22
ប្រសាសន៍​លើក​ទី​បី​របស់​លោក​អេលី‌ផាស: លោក​យ៉ូប​ពិត​ជា​មាន​កំហុស​មែន!
1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖
2«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី
សម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ!
មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ
ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!
3បើ​លោក​សុចរិត
តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?
បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់
តើ​ព្រះអង្គ​បាន​ចំណេញ​អ្វី?
4តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក
ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស
មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឬ?
5ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក
និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។
6លោក​បាន​យក​របស់​បញ្ចាំ
ពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផល
ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ
ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។
7លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេក
ហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅ
ឲ្យ​អ្នក​ឃ្លាន​ដែរ។
8លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដី
និង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។
9លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅ
ដោយ​ដៃ​ទទេ
ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។
10ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់
ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទី
មហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។
11ភាព​ងងឹត​គ្រប​ពី​លើ​លោក
ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ
ទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។
12ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត
សូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!
13លោក​បែរ​ជា​ពោល​ថា
“តើ​ព្រះ‌ជាម្ចាស់​ជ្រាប​អ្វី​ខ្លះ
តើ​ព្រះអង្គ​ទត​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?
14ពេល​ព្រះអង្គ​យាង​ព័ទ្ធ​ជុំ‌វិញ​ចក្រ‌វាល
មាន​ពពក​ដ៏​ក្រាស់​បាំង​ព្រះអង្គ
មិន​ឲ្យ​មើល​ឃើញ​អ្វី​ទាំង​អស់”។
15ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់
ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?
16អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់
ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។
17ពួក​គេ​ទូល​ព្រះ‌ជាម្ចាស់​ថា
“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ!
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាច
ធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។
18ក៏​ប៉ុន្តែ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន​ឲ្យ
ពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។
ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន
របស់​មនុស្ស​អាក្រក់​បាន​ទេ។
19មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់
ឃើញ​មនុស្ស​អាក្រក់​វិនាស
គេ​នាំ​គ្នា​សប្បាយ​រីក‌រាយ
និង​សើច​ចំអក​ឲ្យ​ថា:
20“អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើង
វិនាស​សូន្យ​បាត់​ទៅ​ហើយ
អ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។
21ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​ព្រះ‌ជាម្ចាស់​ទៅ
កុំ​ចាត់​ទុក​ព្រះអង្គ​ជា​បច្ចា‌មិត្ត​ទៀត​ឡើយ
នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​លោក។
22សូម​ទទួល​យក​ដំបូន្មាន​របស់​ព្រះអង្គ
ហើយ​រក្សា​ព្រះ‌បន្ទូល​ព្រះអង្គ​ទុក​នៅ​ក្នុង​ចិត្ត។
23ប្រសិន​បើ​លោក​វិល​មក​រក
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នោះ​ព្រះអង្គ​នឹង​លើក​លោក​ឡើង​វិញ។
សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ
ពី​ទី​លំ‌នៅ​របស់​លោក។
24សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី
សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល
ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ
25នោះ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​លោក។
26ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នឹង​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្បាយ
ហើយ​លោក​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះអង្គ។
27ពេល​លោក​ទូល‌អង្វរ​ព្រះអង្គ
ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញ
ហើយ​លោក​នឹង​ថ្វាយ​តង្វាយ
តាម​ពាក្យ​ដែល​លោក​បន់។
28ពេល​លោក​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​មួយ
ការ​នោះ​នឹង​កើត​ជា​រូប​រាង​ឡើង
ផ្លូវ​ដែល​លោក​ដើរ តែងតែ​មាន​ពន្លឺ​ជានិច្ច។
29ព្រះ‌ជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួត
តែ​ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប។
30សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះអង្គ​រំដោះ​ដែរ
ដូច្នេះ ព្រះអង្គ​នឹង​រំដោះ​លោក
តាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។

Currently Selected:

យ៉ូប 22: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in