យ៉ូប 16
16
ចម្លើយរបស់លោកយ៉ូប: សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ
1លោកយ៉ូបឆ្លើយវិញថា៖
2«សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ
ជាច្រើនលើកច្រើនសាមកហើយ។
អស់លោកមកជួយសម្រាលទុក្ខ
តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ!
3តើអស់លោកនិយាយឥតបានការដូច្នេះ
ដល់អង្កាល់ទើបចប់?
តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល
បានជាអស់លោកឆ្លើយដូច្នេះ?
4ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច
អស់លោកបានដែរ
គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ
ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក
ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
5ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក
ខ្ញុំនឹងរកពាក្យមកថ្លែង
ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
6រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ
ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ
បើខ្ញុំមិននិយាយ
ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
7ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង…
ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំ
វិនាសទាំងស្រុង។
8ព្រះអង្គឲ្យទូលបង្គំនៅសល់តែ
ស្បែក និងឆ្អឹង
ដែលជាភស្តុតាងឲ្យគេចោទប្រកាន់ថា
ទូលបង្គំមានកំហុស។
9ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ
ដូចសត្វសាហាវហែកសាច់ខ្ញុំ
បញ្ចេញចង្កូមដាក់ខ្ញុំ
ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
10មនុស្សម្នាបើកមាត់យ៉ាងធំ
ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ
ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ
ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
11ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ
ក្មេងក្មាងមើលងាយ
ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សពាល។
12ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត
ព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរ
ព្រះអង្គចាប់កញ្ចឹងកខ្ញុំ
ហើយបោកខ្ញុំឲ្យដួល
ព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទី
ព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា
ព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
14ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា
ព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។
15ខ្ញុំបានដេរបាវយកមកស្លៀក
ខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។
16ខ្ញុំយំសោករហូតដល់ហើមភ្នែក
ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។
17ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេ
ហើយពាក្យអធិស្ឋានរបស់ខ្ញុំ
នៅតែបរិសុទ្ធដដែល។
18ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ
ហើយក៏កុំឲ្យមានអ្វីមកខ្ទប់
សម្រែករបស់ខ្ញុំដែរ។
19 ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ
អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
20មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ
ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
21សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា
អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ
ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង
មនុស្ស និងមនុស្ស។
22អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ
ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ
ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
Currently Selected:
យ៉ូប 16: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.