យ៉ូប 13
13
1ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ
ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក
ហើយខ្ញុំក៏បានយល់។
2អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរ
គឺខ្ញុំមិនអន់ជាងអស់លោកទេ។
3ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ
ព្រះជាម្ចាស់តែប៉ុណ្ណោះ
4ដ្បិតអស់លោកចេះតែយកការកុហក
មកឡូកឡំជាមួយការពិត
អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
5ប្រសិនបើអស់លោកនៅស្ងៀម
នោះដូចជាមានប្រាជ្ញាជាង!
6ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់
ពាក្យតវ៉ារបស់ខ្ញុំសិន។
7តើអស់លោកពោលពាក្យមិនត្រឹមត្រូវ
ក្នុងនាមព្រះជាម្ចាស់
ហើយនិយាយពាក្យមិនពិត
ក្នុងនាមព្រះអង្គកើតឬ?
8តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់
ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
9ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក
តើព្រះអង្គអាចឃើញការល្អ
នៅក្នុងអស់លោកឬទេ?
តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់
ដូចបញ្ឆោតមនុស្សឬ?
10ប្រសិនបើអស់លោកមានគំនិតកាន់ជើង
ដោយលួចលាក់នោះ
ព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
11ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ
នឹងធ្វើឲ្យអស់លោកញ័ររន្ធត់
ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
12ពាក្យដែលអស់លោកនិយាយ
សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ
ពាក្យដែលអស់លោកលើកយកមកតវ៉ា
ប្រៀបបាននឹងភក់។
13សូមអស់លោកនៅស្ងៀម
ទុកឲ្យខ្ញុំនិយាយផង!
បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ
ទុកឲ្យកើតទៅចុះ!
14ខ្ញុំមិននឹកស្ដាយខ្លួនទេ
គឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។
15ព្រះអង្គមុខជាប្រហារខ្ញុំ
ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ
ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ
ព្រះភ័ក្ត្រព្រះអង្គ។
16ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត
ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
17សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ
ដែលខ្ញុំនឹងថ្លែង
សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
18ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំ
ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។
19តើនរណាចង់ចោទប្រកាន់ខ្ញុំ?
ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម
ហើយអត់ដង្ហើមឲ្យស្លាប់។
20ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាម
សំណូមពរពីររបស់ទូលបង្គំ
នោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្រ
របស់ព្រះអង្គទៀតឡើយ
21គឺសូមដកព្រះហស្ដចេញពីទូលបង្គំ
ហើយក៏កុំធ្វើឲ្យទូលបង្គំ
ភ័យតក់ស្លុតទៀតដែរ។
22បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល
មកកាន់ទូលបង្គំចុះ
ទូលបង្គំនឹងឆ្លើយតបវិញ
ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន
រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។
23តើកំហុស និងអំពើបាបរបស់ទូលបង្គំ
មានចំនួនច្រើនប៉ុនណា?
សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត
និងអំពើបាបរបស់ទូលបង្គំផង។
24ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ជាសត្រូវនឹងព្រះអង្គដូច្នេះ?
25ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត
ដែលប៉ើងតាមខ្យល់
តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី?
26ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ
ដែលទូលបង្គំប្រព្រឹត្ត
ព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុស
ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។
27 ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ
ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់
ដែលទូលបង្គំប្រព្រឹត្ត
សូម្បីតែដានជើងទូលបង្គំ
ក៏ព្រះអង្គតាមពិនិត្យមើលដែរ។
28រូបកាយទូលបង្គំប្រៀបបាននឹងឈើពុក
ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
Currently Selected:
យ៉ូប 13: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.