YouVersion Logo
Search Icon

យ៉ូប 13

13
1ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ
ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក
ហើយ​ខ្ញុំ​ក៏​បាន​យល់។
2អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ
គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។
3ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព
ខ្ពង់‌ខ្ពស់​បំផុត
ខ្ញុំ​ចង់​តវ៉ា​រឿងរ៉ាវ​របស់​ខ្ញុំ​ជា​មួយ
ព្រះ‌ជាម្ចាស់​តែ​ប៉ុណ្ណោះ
4ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក
មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត
អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។
5ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀម
នោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!
6ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់
ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។
7តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ
ក្នុង​នាម​ព្រះ‌ជាម្ចាស់
ហើយ​និយាយ​ពាក្យ​មិន​ពិត
ក្នុង​នាម​ព្រះអង្គ​កើត​ឬ?
8តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់
ហើយ​ចង់​តវ៉ា​ជំនួស​ព្រះអង្គ​ឬ?
9ប្រសិន​បើ​ព្រះអង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោក
តើ​ព្រះអង្គ​អាច​ឃើញ​ការ​ល្អ
នៅ​ក្នុង​អស់​លោក​ឬ​ទេ?
តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់
ដូច​បញ្ឆោត​មនុស្ស​ឬ?
10ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង
ដោយ​លួច​លាក់​នោះ
ព្រះអង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។
11ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ
នឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់
ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។
12ពាក្យ​ដែល​អស់​លោក​និយាយ
សុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះ
ពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ា
ប្រៀប​បាន​នឹង​ភក់។
13សូម​អស់​លោក​នៅ​ស្ងៀម
ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង!
បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ
ទុក​ឲ្យ​កើត​ទៅ​ចុះ!
14ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ
គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។
15ព្រះអង្គ​មុខ​ជា​ប្រហារ​ខ្ញុំ
ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ
ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ
ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។
16ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិត
ដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បាន​ឡើយ។
17សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ
ដែល​ខ្ញុំ​នឹង​ថ្លែង
សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!
18ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំ
ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។
19តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ?
ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម
ហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។
20ប៉ុន្តែ សូម​ព្រះអង្គ​មេត្តា​អនុញ្ញាត​តាម
សំណូម​ពរ​ពីរ​របស់​ទូលបង្គំ
នោះ​ទូលបង្គំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ
របស់​ព្រះអង្គ​ទៀត​ឡើយ
21គឺ​សូម​ដក​ព្រះ‌ហស្ដ​ចេញ​ពី​ទូលបង្គំ
ហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ទូលបង្គំ
ភ័យ​តក់‌ស្លុត​ទៀត​ដែរ។
22បន្ទាប់​មក សូម​ព្រះអង្គ​មាន​ព្រះ‌បន្ទូល
មក​កាន់​ទូលបង្គំ​ចុះ
ទូលបង្គំ​នឹង​ឆ្លើយ​តប​វិញ
ឬ​មួយ​សូម​ទុក​ឲ្យ​ទូលបង្គំ​និយាយ​មុន
រួច​ទើប​ព្រះអង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។
23តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំ
មាន​ចំនួន​ច្រើន​ប៉ុន​ណា?
សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិត
និង​អំពើ​បាប​របស់​ទូលបង្គំ​ផង។
24ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ
ជា​សត្រូវ​នឹង​ព្រះអង្គ​ដូច្នេះ?
25ទូលបង្គំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួត
ដែល​ប៉ើង​តាម​ខ្យល់
តើ​ព្រះអង្គ​ដេញ​តាម​ប្រហារ​ទូលបង្គំ​ធ្វើ​អ្វី?
26ព្រះអង្គ​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ
ដែល​ទូលបង្គំ​ប្រព្រឹត្ត
ព្រះអង្គ​ឲ្យ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុស
ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។
27 ព្រះអង្គ​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ទូលបង្គំ
ព្រះអង្គ​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់
ដែល​ទូលបង្គំ​ប្រព្រឹត្ត
សូម្បី​តែ​ដាន​ជើង​ទូលបង្គំ
ក៏​ព្រះអង្គ​តាម​ពិនិត្យ​មើល​ដែរ។
28រូប​កាយ​ទូលបង្គំ​ប្រៀប​បាន​នឹង​ឈើ​ពុក
ឬ​ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

Currently Selected:

យ៉ូប 13: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in