YouVersion Logo
Search Icon

យ៉ូហាន 16

16
1ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ងាក​ចេញ​ពី​ជំនឿ។ 2គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ* ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ព្រះ‌ជាម្ចាស់។ 3គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។ 4ខ្ញុំ​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពី‌ព្រោះ​កាល​ណោះ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។
ព្រះ‌បរម‌កិច្ច​របស់​ព្រះ‌វិញ្ញាណ
5«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។ 6ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។ 7ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការ‌ពារ ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ 8កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។ 9គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ 10អំពី​សេចក្ដី​សុចរិត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ 11អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។
12ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​ទេ។ 13កាល​ណា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​ព្រះអង្គ​ថ្លែង មិន​ចេញ​មក​ពី​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ឮ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។ 14ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​ខ្ញុំ ព្រោះ​ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា។ 15អ្វីៗ​ដែល​ព្រះ‌បិតា​មាន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ​យក​មក​ប្រាប់​អ្នក​រាល់​គ្នា»។
ទុក្ខ​ព្រួយ​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ
16«បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ​ហើយ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។ 17សិស្ស*​ខ្លះ​សួរ​គ្នា​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ” ហើយ​ថា “ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ‌បិតា” តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី?»។ 18គេ​សួរ​គ្នា​ទៀត​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត”​នោះ តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី យើង​មិន​យល់​សោះ!»។
19ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​ចង់​សួរ​ព្រះអង្គ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។ 20ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ 21ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ 22អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ 23នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។ 24មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទូល​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​ទូល​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។
ព្រះ‌យេស៊ូ​មាន​ជ័យ‌ជម្នះ
25«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះ‌បិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។ 26នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​ទូល​សូម​អ្វីៗ​ពី​ព្រះ‌បិតា ក្នុង​នាម​ខ្ញុំ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ 27ដ្បិត​ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក។ 28ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ»។
29ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ​ហើយ ព្រះអង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។ 30ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ឈ្វេង​យល់​គ្រប់​សេចក្ដី​ទាំង​អស់ មិន​បាច់​មាន​នរណា​ទូល​សួរ​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះអង្គ​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់​មែន»។ 31ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជឿ​មែន​ឬ! 32ប៉ុន្តែ ពេល​កំណត់​មក​ដល់ គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​ព្រះ‌បិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។ 33ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in