យេរេមា 9
9
1ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក
ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ
ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់
ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ប្រជាជនដែលពោរពេញដោយការកុហក
2ប្រសិនបើមាននរណាឲ្យខ្ទមមួយ
ដែលជាជម្រកសម្រាប់អ្នកដំណើរ
នៅវាលរហោស្ថានមកខ្ញុំ
នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ
ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ
ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
3«អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ
ដែលគេយឹតបម្រុងនឹងបាញ់។
គេមានអំណាចនៅក្នុងស្រុក
មិនមែនដោយសារសេចក្ដីពិតទេ
តែមកពីការកុហក
ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា
ហើយពួកគេពុំស្គាល់យើងឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4«ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់
ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ
ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង
ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
5ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក
គ្មាននរណានិយាយការពិតទេ
ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ
ពោលពាក្យភូតភរ
ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
6ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា
ហើយបោកបញ្ឆោតមិនឈប់ឈរ
ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង
ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ
ចំពោះប្រជាជនរបស់យើងឡើយ។
8អណ្ដាតរបស់ពួកគេជាព្រួញពិស
គេពោលតែពាក្យបោកបញ្ឆោត
មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម
ទៅកាន់អ្នកដទៃ
តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
9តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិ
បែបនេះទេឬ?»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលដែលត្រូវយំសោក
10ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ
ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ
ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់
គ្មាននរណាដើរកាត់តាមនោះទៀតទេ
ហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរ
សត្វស្លាបក៏ដូចជាសត្វចតុប្បាទ
វាចាកចេញបាត់អស់ទៅហើយ។
11«យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹម
ក្លាយទៅជាគំនរឥដ្ឋ
ជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។
យើងនឹងធ្វើឲ្យក្រុងទាំងឡាយ
ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ
គ្មាននរណារស់នៅ!»។
12តើនរណាមានប្រាជ្ញា
អាចយល់ហេតុការណ៍ទាំងនេះបាន?
ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ
អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល
ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់
ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលក្រឹត្យវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។ 14ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។ 15ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។ 16យើងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។ 17ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖
«ចូរនាំគ្នាគិតគូរហៅស្រីៗដែលស៊ីឈ្នួលយំ
គឺស្រីៗដែលពូកែយំនោះឲ្យមក»។
18ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់
ស្រណោះយើងទាំងអស់គ្នា
សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា
ហូរដូចទឹកទន្លេ។
19សម្រែកថ្ងូរលេចឮចេញមកពីក្រុងស៊ីយ៉ូនថា
យើងវិនាសហិនហោចអស់ហើយ!
យើងសែនអាម៉ាស់
ដ្បិតយើងត្រូវតែបោះបង់ចោលស្រុក
សត្រូវបានរំលំទីលំនៅរបស់យើងហើយ!
20ស្ត្រីទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គ
មានព្រះបន្ទូល!
ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ
ចូរបង្រៀនគ្នាទៅវិញទៅមក
ឲ្យចេះយំរៀបរាប់
21ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង
សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង
ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ
និងដកជីវិតពួកយុវជននៅតាមផ្សារ។
22ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់
ទៅប្រកាសថា
សាកសពរបស់មនុស្សនឹងនៅពាសពេញលើដី
ដូចលាមកសត្វនៅតាមចម្ការ
និងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួច
តែគ្មាននរណារើសឡើយ។
23 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា
អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង
ហើយអ្នកមានក៏មិនត្រូវអួត
ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
24 បើអ្នកណាចង់អួតខ្លួន
ត្រូវអួត ព្រោះតែការចេះដឹង និងស្គាល់យើង
ជាព្រះអម្ចាស់ ដែលសម្តែងសេចក្ដីសប្បុរស
សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។
មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត »
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ 26គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។
Currently Selected:
យេរេមា 9: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.