ចៅហ្វាយ 12
12
ទំនាស់រវាងកុលសម្ព័ន្ធអេប្រាអ៊ីម និងលោកយែបថា
1អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។ 2លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។ 3ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្ដូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ថ្ងៃនេះ ហេតុដូចម្ដេចបានជាបងប្អូនលើកគ្នាមកធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។ 4លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុលសម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុលសម្ព័ន្ធម៉ាណាសេ!»។ 5អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ» 6នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ- ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអ៊ីមបួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។
7លោកយែបថា ជាអ្នកស្រុកកាឡាដ គ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំមួយឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់លោក។
លោកអ៊ីបសាន លោកអេឡូន និងលោកអាប់ដូន
8ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។ 9លោកមានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ លោកបានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសលោកដែរ។ លោកបានគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ 10រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។
11ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ 12រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។
13ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល 14លោកមានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ 15រួចលោកទទួលមរណភាព។ គេបញ្ចុះសពលោកនៅភូមិពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជនជាតិអាម៉ាឡេក។
Currently Selected:
ចៅហ្វាយ 12: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.