YouVersion Logo
Search Icon

ចៅហ្វាយ 11

11
លោក​យែបថា​ឡើង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល
1នៅ​ស្រុក​កាឡាដ មាន​អ្នក​ចម្បាំង​ដ៏​អង់‌អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។ 2រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។ 3ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បងប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។
4ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ 5ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប 6ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។ 7លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។ 8ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។ 9លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ 10ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះ‌អម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។
11លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជា‌ជន​បាន​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ‌ទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំឭក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា។
12លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។ 13ស្ដេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើ‌ណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។ 14លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន‌ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖ 15«ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។ 16នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។ 17 ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។ 18 ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើ‌ណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើ‌ណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។ 19 នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះ‌ជាម្ចាស់​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។ 20ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 21ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជម្នះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី។ 22ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។ 23ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រា‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះ‌ករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ? 24ព្រះ‌ករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី? 25 តើ​ព្រះ‌ករុណា​គិត​ថា ទ្រង់​ខ្លាំង​ពូកែ​ជាង​ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ ស្ដេច​នៃ​ជន‌ជាតិ​ម៉ូអាប់​ឬ? ព្រះ‌បាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។ 26ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើ‌ណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ? 27ទូលបង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះ‌រាជា​ឡើយ គឺ​ព្រះ‌រាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្ដី​រវាង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។ 28ប៉ុន្តែ ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សម្ដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​នោះ​ឡើយ។
ពាក្យ​សន្យា​របស់​លោក​យែបថា
29គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។ 30លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ចំពោះ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ 31ហើយ​ពេល​ទូលបង្គំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូលបង្គំ មក​ទទួល​ទូលបង្គំ​មុន​គេ ទូលបង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់»។ 32លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ 33លោក​យែបថា​បាន​វាយ​កម្ទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត - សរុប​ទាំង​អស់​ម្ភៃ​ក្រុង - បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-‌កេរ៉ា‌មីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។
កូន​ស្រី​លោក​យែបថា
34ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​នៅ​មីស‌ប៉ា​វិញ កូន​ស្រី​របស់​លោក​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក គឺ​ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។ 35 កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សម្ដី​នោះ​វិញ​ទេ»។ 36នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។ 37នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។ 38លោក​យែបថា​ក៏​យល់​ព្រម​ឲ្យ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​នាង។ 39លុះ​គម្រប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​លោក​យក​នាង​ធ្វើ​យញ្ញ‌បូជា តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រកាន់​ទំនៀម‌ទម្លាប់​ដូច​ត​ទៅ: 40រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំឭក​ដល់​កូន​ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ចៅហ្វាយ 11