យ៉ាកុប 1:12-18
យ៉ាកុប 1:12-18 គខប
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។ ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់ ។ បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។