អេសាយ 9
9
ព្រះបុត្រាមួយអង្គប្រសូតនៅកណ្ដាលចំណោមយើង
1 ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដី
ដ៏សែនលំបាកនេះទៀតឡើយ។
កាលពីមុន ព្រះអម្ចាស់បានធ្វើឲ្យ
តំបន់សាប់យូឡូន និងតំបន់ណែបថាលី
ត្រូវអាម៉ាស់
តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ
ស្រុកនៅតាមឆ្នេរសមុទ្រ
ស្រុកនៅខាងកើតទន្លេយ័រដាន់
និងស្រុកកាលីឡេដែលសាសន៍ដទៃ
រស់នៅបានរុងរឿងឡើង។
2 ប្រជាជនដែលដើរក្នុងភាពងងឹត
បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច
មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក
ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
3ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទាន
ឲ្យប្រជាជាតិនេះបានចម្រើនឡើង
ព្រមទាំងឲ្យគេមានអំណរដ៏លើសលុប។
គេនឹងសប្បាយរីករាយនៅចំពោះ
ព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូត
ឬដូចនៅពេលចែកជយភណ្ឌដែរ
4ដ្បិតព្រះអង្គបំបាក់នឹម
ដែលខ្មាំងសត្រូវដាក់លើគេ
ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់
សង្កត់សង្កិនរបស់ខ្មាំងសត្រូវ
ដូចនៅជំនាន់ដែលព្រះអង្គរំដោះ
បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ
នៃជនជាតិម៉ាឌានដែរ។
5ស្បែកជើងរបស់ទាហាន
ដែលតែងតែរុកទន្ទ្រាន
និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម
នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់
6ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក
សម្រាប់យើង
ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ
មកយើងហើយ។
បុត្រនោះទទួលអំណាចគ្រប់គ្រង
គេនឹងថ្វាយព្រះនាមថា:
“ព្រះដ៏គួរស្ងើចសរសើរ
ព្រះប្រកបដោយព្រះប្រាជ្ញាញាណ
ព្រះដ៏មានឫទ្ធិចេស្ដា
ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច
ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
7 ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច
ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ
ដាវីឌ និងនគររបស់ព្រះអង្គ
មានសេចក្ដីសុខសាន្តរហូតតទៅ។
ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌
មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស
ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង
តរៀងទៅ
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ
មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់
យ៉ាងខ្លាំងចំពោះយើង។
ការដាក់ទោសរាជាណាចក្រអ៊ីស្រាអែល
8ព្រះអម្ចាស់ប្រកាសដាក់ទោស
ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែល
ដែលជាពូជពង្សរបស់លោកយ៉ាកុប។
9ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម
និងអ្នកស្រុកសាម៉ារី មុខជាដឹង
ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖
10«អាគារធ្វើពីដីឥដ្ឋ បានរលំហើយ
យើងនឹងយកថ្មមកសង់ឡើងវិញ
គេបានកាប់រំលំសសរធ្វើពីដើមត្បែង
តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក
មកជំនួសវិញ!»។
11 ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន
ឲ្យមកវាយលុកពួកគេ
ព្រះអង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
12ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត
ហើយជនជាតិភីលីស្ទីនពីខាងលិច។
ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
13ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី
ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក
ព្រះអង្គដែរ ពួកគេពុំស្វែងរក
ព្រះអម្ចាស់នៃពិភពទាំងមូលទេ។
14ហេតុនេះហើយបានជាព្រះអម្ចាស់
ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ
គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ
ទាំងអ្នកចេះ ទាំងអ្នកខ្លៅ
15ក្បាលគឺពួកព្រឹទ្ធាចារ្យ និងអ្នកមុខអ្នកការ
រីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែងក្លាយ។
16ពួកមេដឹកនាំដែលបានធ្វើឲ្យ
ប្រជាជននេះវង្វេង
ហើយអស់អ្នកដែលត្រូវគេដឹកនាំ
ក៏វិនាសអន្តរាយដែរ។
17ហេតុនេះហើយបានជាព្រះអម្ចាស់
មិនអាណិតយុវជនរបស់ពួកគេឡើយ
ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា
និងស្ត្រីមេម៉ាយរបស់ពួកគេដែរ
ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ
និងជាមនុស្សពាល។
មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
18អំពើអាក្រក់របស់គេប្រៀបបាននឹង
ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់
រួចហើយរាលដាលឆេះព្រៃរបោះ
ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
19ដោយសារព្រះអម្ចាស់នៃពិភពទាំងមូល
ទ្រង់ព្រះពិរោធយ៉ាងខ្លាំង
ទឹកដីរបស់គេនឹងត្រូវឆាបឆេះ
ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។
គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
20ប្រជាជនងាកទៅខាំខាងស្ដាំ
គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង
ក៏នៅតែមិនបានឆ្អែតដដែល
ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
21គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម
អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ
ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
Currently Selected:
អេសាយ 9: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.