YouVersion Logo
Search Icon

អេសាយ 8

8
កូន​របស់​ព្យាការី​អេសាយ​ជា​ប្រផ្នូល​អំពី​ការ​គំរាម​កំហែង​ពី​សំណាក់​ជន‌ជាតិ​អាស្ស៊ីរី
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភណ្ឌ​ឲ្យ​លឿន!”។ 2ពេល​នោះ ខ្ញុំ​ក៏​បង្ហាញ​បន្ទះ​ថ្ម​ដល់​មនុស្ស ដែល​គួរ​ជា​ទី​ទុក​ចិត្ត គឺ​បូជា‌ចារ្យ​អ៊ូរី និង​លោក​សាការី ជា​កូន​របស់​លោក​បេរេ‌គា ធ្វើ​ជា​សាក្សី»។
3ខ្ញុំ​បាន​រួម​រស់​ជា​មួយ​ព្យាកា‌រិនី​ជា​ភរិយា​របស់​ខ្ញុំ នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​ឲ្យ​កូន​នេះ​ថា “ម៉ាហ៊េ-‌សាឡាល-‌ហាសបាស” 4ដ្បិត​មុន​ពេល​ដែល​កូន​នេះ​ចេះ​ហៅ ពុក! ម៉ែ! មាន​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​ប្រមូល​ជយ‌ភណ្ឌ​ពី​ក្រុង​សាម៉ារី យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី»។
5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖
6«ដោយ​ប្រជា‌ជន​មាក់‌ងាយ​ទឹក​ដែល​ហូរ
យ៉ាង​ស្រួល​នៅ​ប្រឡាយ​ស៊ីឡោម
ហើយ​បែរ​ជា​នាំ​គ្នា​ពេញ​ចិត្ត​នឹង​ស្ដេច​រេស៊ីន
ព្រម​ទាំង​ស្ដេច​ពេកា​វិញ​នោះ
7 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ
ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង
បំផ្លាញ​ពួក​គេ
ពោល​គឺ​ស្ដេច និង​កង‌ទ័ព​របស់​ស្រុក​អាស្ស៊ីរី។
8ទន្លេ​នេះ​នឹង​ហូរ​មក​លើ​ទឹក​ដី​យូដា
ហើយ​ជន់​ឡើង លិច​រហូត​ដល់​ក។
ឱ​ព្រះ‌អេម៉ា‌ញូអែល​អើយ!
ទឹក​នេះ​នឹង​ជន់​ឡើង
លិច​ពាស‌ពេញ​ទឹក​ដី​របស់​ព្រះអង្គ។
9ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ!
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ
អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក
តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន!
ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក
តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។
10អ្នក​រាល់​គ្នា​រៀបចំ​ផែន‌ការ
តែ​ផែន‌ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យ
អ្នក​រាល់​គ្នា​ចាត់​វិធាន‌ការ
តែ​វិធាន‌ការ​នោះ​មិន​អាច​សម្រេច​ឡើយ
ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង!
11ពេល​ព្រះ‌អម្ចាស់​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ប្រជា‌ជាតិ​នេះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
12 អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរ
មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយ
កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច
គឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។
13អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា
មាន​តែ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ
ដែល​ជា​ព្រះ​ដ៏វិសុទ្ធ
អ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញ‌ញើត
តែ​ព្រះអង្គ​ប៉ុណ្ណោះ។
14 ពេល​នោះ ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ
តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យ
ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច
ជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល
ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់
ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។
15មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ
ហើយ​ដួល​បាក់​បែក​ខ្ទេច‌ខ្ទាំ
ពួក​គេ​នឹង​ជាប់​អន្ទាក់
ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។
ហេតុ‌ការណ៍​នា​បច្ចុប្បន្ន​កាល និង​អនាគត​កាល
16ខ្ញុំ​រក្សា​សក្ខីភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំ។ 17 ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។ 18 នៅ​ស្រុក​អ៊ីស្រា‌អែល ខ្ញុំ និង​កូន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល មក​ពី​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។
19ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ និង​គ្រូ​ស្ដោះ​ផ្លុំ ដ្បិត​ប្រជា‌ជន​នីមួយៗ​ត្រូវ​តែ​រក​ព្រះ​របស់​ខ្លួន ហើយ​បញ្ជាន់​អារក្ស ដើម្បី​ជួយ​អ្នក​នៅ​រស់»។ 20ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។
21គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន
ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ
ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​ព្រះ​របស់​ខ្លួន
គេ​ងើយ​មើល​ទៅ​លើ
22បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដី
ឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹត
ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។

Currently Selected:

អេសាយ 8: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in