YouVersion Logo
Search Icon

អេសាយ 66

66
ការ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​តាម​របៀប​ដ៏​ត្រឹម​ត្រូវ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង
ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរ
តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា
ឲ្យ​យើង​បាន?
តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?
2យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា
កម្មសិទ្ធិ​របស់​យើង​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ
ជន​កម្សត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត
និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។
3រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា
តែ​សម្លាប់​មនុស្ស
អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា
តែ​វាយ​បំបាក់​ក​ឆ្កែ
អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ
តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក
អ្នក​ដែល​ដុត​គ្រឿង​ក្រអូប
តែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម
ការ​យល់​ឃើញ​របស់​ខ្លួន
ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម
4យើង​ក៏​ពេញ​ចិត្ត​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ផល
ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។
យើង​នឹង​ធ្វើ​ឲ្យ​ការ​លំបាក​សព្វ​បែប​យ៉ាង
កើត​មាន​ដល់​ពួក​គេ
គឺ​ការ​លំបាក​ដែល​គេ​តែងតែ​ខ្លាច‌រអែង។
យើង​បាន​ហៅ តែ​គ្មាន​នរណា​ឆ្លើយ
យើង​បាន​និយាយ តែ​គ្មាន​នរណា​ស្ដាប់​ទេ
ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ
ដែល​យើង​យល់​ថា​អាក្រក់
គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។
សិរី‌រុងរឿង​របស់​ក្រុង​យេរូ‌សាឡឹម
5អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ដោយ​ញាប់‌ញ័រ
ចូរ​នាំ​គ្នា​ស្ដាប់​ព្រះអង្គ។
បងប្អូន​របស់​អ្នក​រាល់​គ្នា
ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា
ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះអង្គ។
ពួក​គេ​ពោល​ថា “សូម​ព្រះ‌អម្ចាស់​សម្តែង
សិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ
របស់​អ្នក​រាល់​គ្នា​ផង!”។
អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។
6មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង
មាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារ
គឺ​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់
ព្រះអង្គ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
7 ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រី
ដែល​សម្រាល​កូន មុន​ឈឺ​ផ្ទៃ
ហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។
8តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ?
តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ?
តើ​នគរ​មួយ​អាច​កើត​ឡើង
ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ?
តើ​ប្រជា‌ជាតិ​មួយ​អាច​កើត
ក្នុង​ពេល​តែ​មួយ​បាន​ឬ?
ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ
នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សម្រាល​កូន​ចៅ!
9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ
តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ
ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា
បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ
តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?
10អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ
ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង!
អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត
ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ក្រុង​នេះ​ដែរ។
11សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ
ដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរ
អ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង
ដោយ‌សារ​ក្រុង​នេះ។
12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត
ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ
យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់
ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ
ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។
យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន
បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។
13ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា
យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ
អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម
ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។
14កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម
បាន​សុខ‌សាន្ត​ដូច្នេះ
អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ
ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ
ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។
ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី
ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ
តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។
ការ​ដាក់​ទោស​មនុស្ស​អាក្រក់​នៅ​គ្រា​ចុង​ក្រោយ
15មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក
ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង
រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។
ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ
ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស
ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ
ព្រមាន​ទុក​ជា​មុន។
16 ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់
ដោយ​ប្រើ​ភ្លើង និង​ដាវ
ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។
17អស់​អ្នក​ដែល​ខិត‌ខំ​ញែក​ខ្លួន
និង​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ
ដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន
របស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ
ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរ
ព្រម​ទាំង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម
មុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
18យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើង
ហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។
យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុងរឿង​របស់​យើង។
19យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុងរឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុងរឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ 20ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បងប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួក​គេ​ហែ‌ហម​បងប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ នៅ​ក្នុង​ព្រះ‌ដំណាក់​ដែរ។ 21ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ* និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី*​ដែរ។ 22 ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:
រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី
និង​រៀង​រាល់​ថ្ងៃ​សប្ប័ទ*
មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា
មក​ក្រាប​ថ្វាយ‌បង្គំ​យើង។
24 ពេល​គេ​ចេញ​ពី​ព្រះ‌វិហារ
គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស
ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។
ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់
សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក
ទាំង​អស់​ខ្ពើម​រអើម។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in