អេសាយ 47
47
ក្រុងបាប៊ីឡូនជាប់ទោស
1 ក្រុងបាប៊ីឡូនអើយ
អ្នករលំហើយ
ចូរអង្គុយនៅក្នុងធូលីដីទៅ!
ក្រុងរបស់ជនជាតិខាល់ដេអើយ
ចូរអង្គុយផ្ទាល់នឹងដីនេះទៅ
អ្នកគ្មានបល្ល័ង្កទៀតទេ។
គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត
ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
2ចូរយកត្បាល់ពីរមកកិនម្សៅ
ចូរយកស្បៃចេញពីមុខ
ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ!
3មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក
គេនឹងឃើញភាពអាម៉ាស់របស់អ្នក
យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក
ឥតមាននរណាឃាត់យើងបានឡើយ។
4ព្រះដែលលោះយើងមានព្រះនាមថា
«ព្រះអម្ចាស់នៃពិភពទាំងមូល
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល»
5ក្រុងរបស់ជនជាតិខាល់ដេអើយ
ចូរអង្គុយយ៉ាងស្ងៀមស្ងាត់
ចូរធ្លាក់ក្នុងទីងងឹតទៅ!
គេនឹងលែងហៅអ្នកថាជា
ម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។
6ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង
យើងបានបំបាក់មុខប្រជារាស្ត្រ
ដែលជាកេរមត៌ករបស់យើង
ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក
តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ
អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
7អ្នកពោលថា
“យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ”
អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះ
ឲ្យដិតដល់ទេ
គឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះ
នឹងមានទីបញ្ចប់ឡើយ។
8 ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ
គិតតែពីអួតក្អេងក្អាងអើយ
អ្នកតែងគិតថា
“គ្មាននរណាផ្ទឹមស្មើនឹងអញទេ
អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ
អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។
ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!
9ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក
យ៉ាងទាន់ហន់
គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ
ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។
ទុក្ខវេទនានេះនឹងកើតមានដល់អ្នក
គេចមិនផុតឡើយ
ទោះបីអ្នកមានមន្តអាគម ឬមានគាថា
ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
10អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន
ហើយអ្នកតែងតែពោលថា
“គ្មាននរណាមើលអញឃើញទេ!”
ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ
អ្នកបែរទៅជាវង្វេង
អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។
11ទុក្ខវេទនានឹងកើតមានដល់អ្នក
អ្នករកច្រកចេញពុំរួចឡើយ
មហន្តរាយនឹងធ្លាក់មកលើអ្នក
ហើយអ្នកការពារខ្លួនពុំបានឡើយ
ការវិនាសដែលអ្នកនឹកស្មានមិនដល់
នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។
12ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ
រៀនតាំងពីក្មេងនោះ បន្តទៀតទៅ!
ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍
ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន!
13ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី
ក៏អ្នកនៅតែឥតបានការដែរ
អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ
ហើយទស្សន៍ទាយរៀងរាល់ខែ
អំពីហេតុការណ៍ដែលត្រូវកើតមាន។
ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
14ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង
ដែលត្រូវភ្លើងឆាបឆេះ
គេមិនអាចដកខ្លួន
ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ
ដ្បិតភ្លើងនោះមិនមែនជាភ្លើង
សម្រាប់ចម្អិនអាហារ
ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។
15ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក
ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ
នឹងត្រូវវេទនាបែបនេះឯង
គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន
គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។
Currently Selected:
អេសាយ 47: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.