អេសាយ 30
30
ព្រះបន្ទូលប្រឆាំងនឹងការចងសម្ពន្ធមិត្តរវាង អ៊ីស្រាអែលនឹងអេស៊ីប
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
កូនៗដែលចេះតែបះបោរ
មុខជាត្រូវវេទនាពុំខាន!
ពួកគេបានធ្វើតាមគម្រោងការ
ដែលយើងមិនបានគ្រោងទុក
ពួកគេបានចងសម្ពន្ធមិត្ត
ផ្ទុយពីឆន្ទៈរបស់យើង
ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
2ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប
ដោយពុំសួរយោបល់ពីយើងសោះ
ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន
ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។
3ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន
នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់
ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប
នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
4ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា
ទៅដល់ក្រុងសូអានហើយ
ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស
5តែពួកគេនឹងត្រូវខកចិត្ត
ដោយឃើញថាប្រជាជនអេស៊ីប
ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ
គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ
ពុំអាចជួយពួកគេបានទាល់តែសោះ!
ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ
អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
6 សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ
វាលរហោស្ថានណេកិប:
ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច
ជាកន្លែងដែលមានសត្វសិង្ហ
មានពស់វែក និងមាននាគហោះ
ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ
លើខ្នងលា និងលើខ្នងអូដ្ឋ
យកទៅឲ្យប្រជាជាតិមួយដែលពុំអាច
ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
7ជំនួយរបស់ស្រុកអេស៊ីប
គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ
គឺពុំមានប្រយោជន៍អ្វីឡើយ។
ហេតុនេះហើយបានជាយើងដាក់ងារឲ្យ
ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង
តែមិនបានការអ្វី»។
ប្រជាជនដែលមិនចេះស្ដាប់បង្គាប់
8ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្ម
ហើយសរសេរជាលាយលក្ខណ៍អក្សរ
នៅចំពោះមុខអ្នកក្រុងយេរូសាឡឹម
ទុកជាឯកសារទៅអនាគត
ទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។
9ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ
ពួកគេសុទ្ធតែជាកូនអកតញ្ញូ
ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។
10គេបំបិទមាត់ហោរាថា “កុំទាយអី”
ហើយប្រាប់គ្រូទស្សន៍ទាយថា
“កុំទស្សន៍ទាយការពិត
ចូរពោលតែពាក្យបញ្ចើចបញ្ចើ
និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
11ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ
ចូរឃ្លាតចាកពីគន្លងធម៌
កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ
អ៊ីស្រាអែលប្រាប់យើងទៀត!”។
12ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិ
អ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖
អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង
ហើយបែរទៅពឹងផ្អែកលើ
អំណាចផ្ដាច់ការ និងកលល្បិច។
13អំពើអាក្រក់នេះនឹងបណ្ដាលឲ្យអ្នករាល់គ្នា
វិនាសសូន្យដោយមិនដឹងខ្លួន
ដូចស្នាមនៅលើកំពែងដ៏ខ្ពស់
ធ្វើឲ្យកំពែងប្រេះរលំភ្លាមមួយរំពេច។
14កំពែងនោះនឹងរលំខ្ទេចខ្ទី
ដូចក្អមដីដែលជាងស្មូនបោកកម្ទេច
គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ
ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន
ឬដួសទឹកពាងក៏មិនបានផង។
15 ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖
ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ
ហើយនៅស្ងប់ស្ងៀម
នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។
ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម
ហើយទុកចិត្តលើយើង
នោះអ្នករាល់គ្នាមុខជាមានកម្លាំង!
ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
16អ្នករាល់គ្នាបែរជាពោលថា
«ទេ! យើងនឹងជិះសេះរត់ទៅ!»
ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។
អ្នករាល់គ្នាបានពោលទៀតថា
«រទេះចម្បាំងរបស់យើងបរលឿនណាស់»
ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ
មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។
17ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង
អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ
ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា
រត់អស់គ្មានសល់។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា
អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់
គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ
ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។
អនាគតដ៏ភ្លឺស្វាង
18ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ
ត្រូវប្រណីសន្ដោសអ្នករាល់គ្នា
ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ
ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា
ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។
អស់អ្នកដែលសង្ឃឹមលើព្រះអង្គ
ប្រាកដជាមានសុភមង្គលពុំខាន។
19ប្រជាជនក្រុងស៊ីយ៉ូន
អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ
អ្នកនឹងលែងយំសោកទៀតហើយ!
ពេលណាអ្នកស្រែកហៅរកព្រះអង្គ
ព្រះអង្គនឹងប្រណីសន្ដោស
ពេលណាព្រះអង្គឮសំឡេងអ្នក
ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
20នៅគ្រាមានអាសន្ន
ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា
នៅពេលខ្វះខាត
ព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។
ព្រះអង្គដែលបង្រៀនអ្នក
លែងពួននឹងអ្នកទៀតហើយ
អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។
21បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង
អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា
«នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
22ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក
មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា
របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ
អ្នកនឹងយកទៅបោះចោលដូចសំរាម
ដោយពោលថា «វត្ថុគម្រក់!»។
23ព្រះអម្ចាស់នឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក
លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ
ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង
យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។
នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នក
នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
24គោ និងក្របីដែលធ្លាប់អូសនង្គ័ល
ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត
ដែលគេជជុះនឹងរនាស់ដែរ។
25នៅថ្ងៃមហាពិឃាត
គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ
នោះនឹងមានទឹកហូរស្រោចស្រព
ភ្នំទាំងធំទាំងតូច។
26នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គ
នៅពេលព្រះអង្គព្យាបាលគេ
ឲ្យជាពីមុខរបួសទាំងអស់
ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ
ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង
គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ព្រះអម្ចាស់ធ្វើទោសស្រុកអាស្ស៊ីរី
27មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយ
ទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំង
ព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធ
ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
28ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង
ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។
ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ
ឲ្យវិនាសបាត់បង់
ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ
ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
29រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
30ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង
ប្រកបដោយតេជបារមី
ព្រះអង្គនឹងបង្ហាញព្រះចេស្ដា
និងព្រះពិរោធរបស់ព្រះអង្គ
តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ
តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង
និងព្រឹលដែលបង្អុរចុះមក។
31ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំង
នៅពេលឮព្រះសូរសៀងរបស់ព្រះអម្ចាស់
និងពេលព្រះអង្គវាយធ្វើទោសពួកគេ។
32គ្រប់ពេលដែលពួកគេត្រូវដំបង គឺនៅពេលព្រះអម្ចាស់វាយពួកអាស្ស៊ីរី នោះនឹងឮស្នូរសំឡេងក្រាប់ និងចាប៉ី លេងកំដរផង។
33មើល៍ គេបានរៀបចំកន្លែងបូជា
តាំងពីយូរណាស់មកហើយ
គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី
គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ
ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌
ទុកសម្រាប់ដុត។
ខ្យល់របស់ព្រះអម្ចាស់
ដែលប្រៀបដូចជាស្ពាន់ធ័រ
នឹងបក់មកបញ្ឆេះគំនរអុសនោះ។
Currently Selected:
អេសាយ 30: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.