អេសាយ 28
28
ខ្យល់ព្យុះកម្ទេចរាជាណាចក្រខាងជើង
1ក្រុងសាម៉ារី
ដែលជាអំនួតរបស់ពួកប្រមឹក
នៅរាជាណាចក្រអេប្រាអ៊ីម
មុខជាត្រូវវេទនាពុំខាន!
សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប
ដ៏សម្បូណ៌សប្បាយនេះ
ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល
របស់ពួកប្រមឹកទាំងនោះ។
2ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក
អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា
ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក
ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ
មានទឹកជំនន់យ៉ាងធំ។
ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។
3ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម
នឹងត្រូវខ្មាំងជាន់ឈ្លី។
4រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល
ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ
ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ
ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។
5នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់។ 6ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។
ពួកប្រមឹកនាំគ្នាចំអកឲ្យព្យាការីអេសាយ
7រីឯអ្នកទាំងនេះ ក៏ត្រូវស្រាទំពាំងបាយជូរ
និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។
ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ
នាំឲ្យវង្វេង។
សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត
ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់
បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស
ហើយសេចក្ដីអ្វីដែលគេប្រកាស
ក៏មិនច្បាស់លាស់ដែរ។
8តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើម
គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។
9គេពោលថា:
«អេសាយនេះចង់បង្រៀនអ្វី?
តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់
ប្រាប់នរណា?
តើគាត់ចង់បង្ហាត់បង្រៀន
កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ
កូនង៉ាដែលគេលែងឲ្យបៅនោះឬ?
10គាត់ចេះតែពោលថា: “ក កា កិ កី…
អានាងធ្វើនេះ! អានាងធ្វើនោះ!” »
11 ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូល
មកកាន់ប្រជាជននេះ
ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន
ព្រះអង្គនឹងយកភាសាដទៃទៀត
មកនិយាយជាមួយពួកគេ។
12ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា
“ទុកឲ្យអ្នកហត់នឿយ
មករកសម្រាកលំហែកាយចុះ”
តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
13ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។
14មេដឹកនាំក្រុងយេរូសាឡឹម
ដែលចូលចិត្តតែនិយាយចំអកអើយ!
ចូរនាំគ្នាស្ដាប់ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
15អ្នករាល់គ្នាអះអាងថា
អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ
ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ
ស្ថានមនុស្សស្លាប់។
កាលណាមានគ្រោះកាចមកដល់
អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ
ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង
និងយកការភូតភរជាជម្រក។
16 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ
នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។
ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ
ហើយជាគ្រឹះដ៏មាំ។
អ្នកណាពឹងផ្អែកលើថ្មនេះ
អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
17យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់
ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។
ខ្យល់ព្យុះនឹងបក់រម្លើងការកុហក
ដែលជាទីពឹងរបស់អ្នករាល់គ្នា
ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ
ដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។
18សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ
ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់
កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ
ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ
ពេលគ្រោះកាចមកដល់
អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។
19រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹករៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើឲ្យញ័ររន្ធត់ដែរ។
20ពេលនោះ គ្រែដេកបែរទៅជាខ្លីពេក
រីឯភួយក៏តូចពេករកដណ្ដប់ពុំបានដែរ។
21 ព្រះអម្ចាស់នឹងយាងមក
ដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីម
និងវាលទំនាបគីបៀនដែរ
ព្រះអង្គក្រោកឡើងសម្តែងឫទ្ធិបារមី
ដែលជាឫទ្ធិបារមីដ៏ចម្លែក
ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ
ដែលជាកិច្ចការខុសប្លែកពីធម្មតា។
22ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។
23ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ
ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
24តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ
ចេះតែភ្ជួរជានិច្ចរហូតទៅឬ?
តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ?
25ទេ មិនដូច្នោះទេ!
ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ
គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ
គាត់ព្រោះពូជស្រូវ
ហើយព្រោះពូជស្រូវដំណើប
តាមកន្លែងដែលគាត់បានកំណត់ទុក
ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ
នៅកៀនៗ។
26ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថា
តើត្រូវធ្វើយ៉ាងណាៗខ្លះ
ព្រះអង្គបង្ហាត់បង្រៀនគាត់។
27ពេលបេះសណ្ដែក បេះល្ងរួចហើយ
គាត់យកឈើមកវាយគ្រាប់សណ្ដែក
និងយករំពាត់មកវាយគ្រាប់ល្ង
គឺគាត់មិនយករនាស់មករាស់សណ្ដែក
ឬក៏យករទេះមកបរពីលើល្ងឡើយ។
28រីឯស្រូវវិញ គាត់មិនកិនទេ
គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ
តែមិនមែនបោកបែនរហូតឡើយ។
គាត់បររទេះសេះបញ្ជាន់ស្រូវនោះ
តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
29គាត់ចេះធ្វើការទាំងនេះមកពី
ព្រះអម្ចាស់នៃពិភពទាំងមូលណែនាំ
ដំបូន្មានរបស់ព្រះអង្គគួរឲ្យកោតសរសើរ
ហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
Currently Selected:
អេសាយ 28: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.