YouVersion Logo
Search Icon

អេសាយ 26

26
ព្រះ‌ជាម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ឲ្យ​ប្រជា‌រាស្ដ្រ​ព្រះអង្គ
1នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា
គេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ:
«យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ
ព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង
ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។
2ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិត
ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង!
3ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍
ដល់​ប្រជា‌ជាតិ​នេះ
ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
4ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជានិច្ច​ចុះ!
ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
5ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ
ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ
ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី
6មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ
នឹង​ដើរ​ជាន់​ក្រុង​នោះ»។
7ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បង្ហាញ​ឲ្យ
មនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់
ព្រះអង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិត
ឲ្យ​រាប​ស្មើ។
8ឱ​ព្រះ‌អម្ចាស់​អើយ!
យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា
ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក
ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម
របស់​ព្រះអង្គ​ប៉ុណ្ណោះ។
9នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះអង្គ
ទូលបង្គំ​ក៏​ស្វែង​រក​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។
ពេល​ព្រះអង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី
ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ
ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។
10ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ
មនុស្ស​អាក្រក់
នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ
គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង
ស្រុក​ដ៏​សុចរិត​នេះ
ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង
របស់​ព្រះ‌អម្ចាស់​ឡើយ។
11 ឱ​ព្រះ‌អម្ចាស់​អើយ!
អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា
ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។
សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់
ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ
ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។
សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។
12បពិត្រ​ព្រះ‌អម្ចាស់!
ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត
អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត
ព្រះអង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។
13ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ!
ក្រៅ​ពី​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន
ត្រួត‌ត្រា​លើ​យើង​ខ្ញុំ
ប៉ុន្តែ មាន​តែ​ព្រះ‌នាម​ព្រះអង្គ​មួយ​ប៉ុណ្ណោះ
ដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។
14អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ
មិន​រស់​ឡើង​វិញ​ទេ
អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល
គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។
ព្រះអង្គ​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ
ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។
15ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ
ប្រជា‌ជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើង
ព្រះអង្គ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ
ហើយ​ពង្រីក​ព្រំ‌ប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។
16 ព្រះ‌អម្ចាស់​អើយ!
ពេល​មាន​អាសន្ន
យើង​ខ្ញុំ​មក​រក​ព្រះអង្គ
នៅ​ពេល​ព្រះអង្គ​ដាក់​ទោស
យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះអង្គ។
17ឱ​ព្រះ‌អម្ចាស់​អើយ!
ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូន
ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា
យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់
ព្រះអង្គ​យ៉ាង​នោះ​ដែរ។
18យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ
យើង​ខ្ញុំ​ឈឺ​ចុក​ចាប់ តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយ
យើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះ
មក​ឲ្យ​មនុស្ស​លោក​ទេ
ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មី
នៅ​លើ​ផែនដី​ដែរ។
មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ការ​ដាក់​ទោស​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
ក្នុង​ចំណោម​អ្នក​រាល់​គ្នា
អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ!
សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង!
អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយ
ចូរ​ភ្ញាក់​ឡើង!
ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ!
ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដី
ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណា
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពន្លឺ​មក
ប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយ
ឲ្យ​ចេញ​ពី​ដី
មាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
20ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ!
ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា
ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។
ត្រូវ​នៅ​សម្ងំ​លាក់​ខ្លួន
រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ
21ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់
ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី
ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត
នៅ​លើ​ផែនដី
នឹង​លាក់​លែង​ជិត​ទៀត​ហើយ
ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ
គេ​សម្លាប់​ទៀត​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in