YouVersion Logo
Search Icon

អេសាយ 25

25
ទំនុក​អរ​ព្រះ‌គុណ
1ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ
ទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង
ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។
គម្រោង‌ការ​ដែល​ព្រះអង្គ​រៀបចំ​ទុក
តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ
សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។
2ព្រះអង្គ​បាន​រំលាយ​ទីក្រុង​ឲ្យ
ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ព្រះអង្គ​ធ្វើ​ឲ្យ​បុរី​ដែល​មាន​កំពែង​រឹង‌មាំ
ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក
បន្ទាយ​របស់​ខ្មាំង​បាន​រលាយ​សូន្យ
លែង​មាន​ឈ្មោះ​ជា​ទីក្រុង​ទៀត
ហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។
3ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ត្រ​ដ៏​ខ្លាំង​ពូកែ
នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ
សូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវ
ក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះអង្គ​ដែរ
4ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​មនុស្ស
ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត
ក្នុង​ពេល​មាន​អាសន្ន
ព្រះអង្គ​ក៏​ជា​ជម្រក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ
ហើយ​ជា​ម្លប់​បាំង​កម្ដៅ
ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ
ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។
5ព្រះអង្គ​បង្ក្រាប​មនុស្ស​ព្រៃ​ឲ្យ​បាត់​មាត់​ឈឹង
ដូច​ព្រះអង្គ​បន្ថយ​កម្ដៅ​ក្នុង​ទី​ហួត‌ហែង។
ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ចម្រៀង​ជោគ​ជ័យ
របស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យ
ដូច​ពពក​បន្ថយ​កម្ដៅ​ថ្ងៃ​ដែរ។
6 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង
ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា
និង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុត
មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរ
ដែល​គេ​សម្រាំង​យ៉ាង​ល្អ។
7នៅ​លើ​ភ្នំ​នោះ ព្រះអង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ
ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន
ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី
ប្រជា‌ជាតិ​ទាំង​អស់​ដែរ។
8 ព្រះអង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ
ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ
របស់​មនុស្ស​ទាំង​អស់។
ព្រះអង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
9នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖
«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង
យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ហើយ​ព្រះអង្គ​សង្គ្រោះ​យើង
យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន!
ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង
ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។
10 ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នំ​នេះ
រីឯ​ជន‌ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង
ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។
11នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ
ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក
ប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី
ព្រះ‌អម្ចាស់​គង់​តែ​បំបាក់​អំនួត
របស់​ជន‌ជាតិ​នេះ​ជា​មិន​ខាន។
12 ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ
នៅ​ស្រុក​ម៉ូអាប់
គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in