អេសាយ 22
22
ព្រះបន្ទូលព្រមានក្រុងយេរូសាឡឹម
1 សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ
នៃនិមិត្តហេតុអស្ចារ្យ:
យេរូសាឡឹមអើយ!
តើមានរឿងអ្វីកើតឡើងដល់អ្នក
បានជាប្រជាជនរបស់អ្នក
នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
2ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ
ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ?
ទាហានរបស់អ្នកដែលស្លាប់
មិនមែនស្លាប់ដោយមុខដាវទេ
ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
3នាយទាហានរបស់អ្នកត្រូវបរាជ័យ
បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។
ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដី
ក៏ខ្មាំងសត្រូវចាប់បានពួកគេ
យកទៅជាឈ្លើយដែរ។
4ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា
កុំរវីរវល់នឹងខ្ញុំអី
ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ
មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ
ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ
ត្រូវអន្តរាយនោះឡើយ
5ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
ធ្វើឲ្យមានចលាចល
បរាជ័យ និងភាពច្របូកច្របល់។
នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ
កំពែងក្រុងត្រូវស្រុត
អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
6កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក
ហើយក៏មានរទេះចម្បាំង និងកងពលសេះ
មកជាមួយដែរ។
រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
7យេរូសាឡឹមអើយ!
ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក
មានពេញទៅដោយរទេះចម្បាំង
ហើយកងពលសេះតម្រៀបគ្នា
នៅមាត់ទ្វាររបស់អ្នក។
8យូដាគ្មានអ្វីការពារខ្លួនទេ
នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង
សស្ត្រាវុធនៅក្នុងប្រាសាទព្រៃ ។
9អ្នករាល់គ្នាបានឃើញកំពែងក្រុង
របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង
អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ
នៅក្នុងស្រះប៉ែកខាងក្រោម។
10អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម
ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ
ដើម្បីឲ្យងាយការពារកំពែងក្រុង។
11អ្នករាល់គ្នាជីកអាងទឹក
នៅចន្លោះកំពែងទាំងពីរ
ដើម្បីបង្ហូរទឹកពីស្រះចាស់មក។
ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់
ដែលបានធ្វើការអស់ទាំងនេះទេ
អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ
ដែលរៀបចំគម្រោងការនេះ
តាំងពីយូរណាស់មកហើយ។
12នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង
កោរសក់ និងស្លៀកបាវកាន់ទុក្ខ
13 តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ
គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម
ហើយស៊ីផឹកជប់លៀងទៅវិញ!
អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ
ដ្បិតស្អែកយើងនឹងស្លាប់ហើយ!” ។
14ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល
បានសម្តែងឲ្យខ្ញុំដឹងថា
រហូតដល់អ្នករាល់គ្នាស្លាប់
ក៏ព្រះអង្គមិនលើកលែងទោសអ្នករាល់គ្នាទេ។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
លោកអភិបាលសេបណានឹងត្រូវបាត់មុខតំណែង
15 ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំថា: «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ:
16តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា
បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ?
អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
17ឥស្សរជនអើយ!
ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់
ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។
18ព្រះអង្គនឹងបោះអ្នកឲ្យរមៀល
ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ
អ្នកនឹងស្លាប់លើដីនោះ
ជាមួយរថដ៏រុងរឿងរបស់អ្នក
ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
19យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង
ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។
20នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង
ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា
21យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក
មកបំពាក់ឲ្យគាត់។
យើងនឹងដកអំណាចរបស់អ្នក
ប្រគល់ទៅឲ្យគាត់។
គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម
និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
22 យើងនឹងប្រគល់កូនសោវាំង
របស់ស្ដេចដាវីឌឲ្យគាត់
បើគាត់បើក គ្មាននរណាបិទបានទេ
ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។
23យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង
ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម
គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់
មានកិត្តិយសថ្លៃថ្នូរ។
24សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ
នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា
គឺប្រៀបដូចជាចាន ឆ្នាំង និងថូ
ដែលគេដាក់ក្នុងសង្រែក
ហើយព្យួរនឹងដែកគោលតែមួយ។
25 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
“នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់
លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក
ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ
ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
Currently Selected:
អេសាយ 22: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.