YouVersion Logo
Search Icon

កាឡាទី 5:16-24

កាឡាទី 5:16-24 គខប

ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បងប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បងប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បងប្អូន​ចង់​ធ្វើ​នោះ​ឡើយ។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បងប្អូន បងប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទៀត​ហើយ។ យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក ឈ្នានីស​គ្នា ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បងប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។ រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្តា ជំនឿ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។ អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។